(កំពង់ធំ)៖ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងស្តាតថ្មី នៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដើម្បីរៀបចំទីកន្លែង ឱ្យមានសណ្តាប់ធ្នាប់ សម្រាប់ត្រៀមប្រារព្វពិធីច្រត់ព្រះនង្គ័ល នាថ្ងៃទី៨ ខែឧសភាខាងមុខនេះ។

អភិបាលបាលខេត្តកំពង់ធំ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ស្រោចទឹក និងដាក់ជីទីតាំងដែលត្រូវប្រារព្ធពិធីដើម្បីឲ្យស្មៅដុះបានល្អ ពិសេសរៀបចំបរិវេណឲ្យបានធំទូលាយងាយស្រួលប្រារព្ធ ពិធីប្រកបដោយបរិយាកាសស្រស់បំព្រង។

លោកថា អ្វីដែលឲ្យគួរឲ្យកត់សម្គាល់ គឺត្រូវរៀបចំឲ្យមានផ្លូវចេញចូលប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរពេលដែលប្រារព្វពិធីច្រត់ព្រះនង្គ័ល និងត្រៀមទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទផងដែរ។

លោក ងួន រតនៈ ក៏ជំរុញឲ្យមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ជួយរៀបចំបរិវេណសម្រាប់ប្រារព្វពិធីច្រត់ព្រះនង្គ័លខាងមុខនេះ ឲ្យបានល្អប្រសើរ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់៕