(ភ្នំពេញ)៖ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតមកដល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨០%ហើយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ។

នេះបើតាមការបញ្ជាក់ឱ្យដឹង នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រវាង លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក (World Bank) និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ លើប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Single Stop Inspection) ។

លើកឡើងនាឱកាសនោះដែរលោក យិត បុណ្ណា ក៏បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោងធ្វើបទបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗ រួមមាន៖ (១) ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល (២) វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង (៣) ទំហំការងារ (៤) លំហូរនៃការពិនិត្យយានយន្តឆ្លងដែន (៥) បែបបទសម្រាប់យានយន្តចូល និង (៦) បែបបទសម្រាប់យានយន្តចេញ។

បន្ថែមពីលើនេះទៅទៀត លោករដ្ឋលេខាធិការ ក៏បានពន្យល់បន្ថែមអំពីចក្ខុវិស័យនៃគម្រោងដែលក្រសួងរំពឹងដែរថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោក ក៏បានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់ផងដែរ៕