(ភ្នំពេញ)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីជាង៧០ម៉ឺនក្បាលដី ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ចេញពីតំបន់៣ ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងនោះ បានចុះបញ្ជីជូនប្រជាពលរដ្ឋប្រមាណជាង៣១ម៉ឺនក្បាលដីហើយ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងថា លទ្ធផលដែលសម្រេចបានជាង៤៤ភាគរយនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ ពោលមិនឲ្យហួសខែមេសា ឆ្នាំ២០២៣នោះទេ។

លោកអភិបាលខេត្តបានបញ្ជាក់បែបនេះថា «ក្នុងចំណោម៧០ម៉ឺនក្បាលដី យើងចុះបញ្ជីបាន៣១២,០៥១ប័ណ្ណ ដែលយើងបានធ្វើរួចរាល់ ស្មើនឹង៤៤.៥៨ភាគរយ។ ហើយយើងកំពុងតែធ្វើបន្ដចំនួន១១៦,៧៩២ ស្មើនឹង១៦.៦៨ភាគរយ»។

លោក ស៊ុន សុវណ្ណារិទ្ធ បានពន្យល់ទៀតថា ដីទាំង៧០ម៉ឹនក្បាលដីនេះ មានទាំងដីដែលស្ថិតនៅក្នុងតំបន់២ ហើយមិនអាចចេញប័ណ្ណជូនប្រជាពលរដ្ឋបានទេ ប៉ុន្ដែថ្មីៗនេះរាជរដ្ឋាភិបាលចេញសារាចរកាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ មាន២៧ម៉ឺនប័ណ្ណ ស្មើនឹង៣៨.៧៤ភាគរយប៉ុណ្ណោះ ដែលត្រូវចុះបញ្ជីជាក់ស្ដែងជូនប្រជាពលរដ្ឋ ៦ម៉ឺនគ្រួសារ។

សម្រាប់ខេត្តកំពង់ឆ្នាំង លោកអភិបាលបានបន្ថែមថា ក្នុងដីសរុបជាង១០ម៉ឺនហិកតា កាត់បាន៤ម៉ឺន៦ពាន់ហិកតា ពីតំបន់ពីរមកតំបន់មួយរួចរាល់១០០ភាគរយ ប៉ុន្ដែនៅតំបន់៣ មានបីឃុំទៀតទុកត្រៀមបម្រុងប្រើប្រាស់នៅពេលក្រោយ។

ដើម្បីពន្លឿនការងារដែលនៅសេសសល់ លោក ស៊ុន សុវណ្ណារិទ្ធ បានណែនាំឲ្យអភិបាលក្រុងស្រុកទាំងអស់នៅដីគោក ចុះទៅជួយធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យមានភាពច្បាស់លាស់នៅតំបន់ដែលត្រូវចុះបញ្ជី។ លោកអះអាងថា ការងារនេះនឹងរួចរាល់នៅមុនខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្រោយបញ្ចប់ការចុះបញ្ជី លោកអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងនូវការងារមួយទៀតដែលត្រូវពន្លឿន គឺការផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋទាំងជាង៦ម៉ឺនគ្រួសារ។ លោកថា លោកនឹងបង្កើតក្រុមការងារមួយទៀត ដើម្បីរួមគ្នាអនុវត្តការផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋនេះឲ្យបានលឿនតាមដែលអាចធ្វើទៅតាម។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានសម្រេចកាត់ឆ្កៀលដីទំហំ ២៥៣ហិកតា ចេញពីតំបន់៣ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១,៦៨៨គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ៣,៣៩១ហិកតា ចេញពីតំបន់៣ បញ្ចូលជាតំបន់២ ជូនប្រជាពលរដ្ឋចំនួន១,៦៨៨គ្រួសារ សម្រាប់ប្រើប្រាស់ និងអាស្រ័យផល នៅឃុំសំរោងសែន និងឃុំផ្លូវទូក ស្រុកកំពង់លែង។

លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចកាត់ឆ្កៀលដីទំហំ ៧៤១,១៧ហិកតាទៀត ចេញពីតំបន់៣ ដោយក្នុងនោះ៖ ផ្ទៃដីទំហំ ៤៤៣,៦៣ ហិកតា ជាភូមិរៀបរយទទួលប្រជាពលរដ្ឋផ្លាស់ទីផ្ទះទឹកមកលើគោក នៅឃុំកំពង់ព្រះគគីរ ឃុំខុនរ៉ង ឃុំត្រពាំងចាន់ និងឃុំឆ្នុកទ្រូ ហើយធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតទៅតាំងទីលំនៅជាថ្មីលើទឹកទៀតឡើយ។

ផ្ទៃដីទំហំ ២២,២៥៤ហិកតា ស្ថិតក្នុងនៅឃុំឆ្នុកទ្រូ ជូនរដ្ឋបាលខេត្តសម្រាប់គម្រោងវារីវប្បកម្ម និងផ្ទៃដីទំហំ ៧៥ហិកតា ស្ថិតក្នុងនៅឃុំឆ្នុកទ្រូ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៤៦ ៧០៨,៩៥ ហិកតា នៅក្នុងក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី ចេញពីតំបន់២ បញ្ចូលមកជាតំបន់១ នៃតំបន់ទន្លេសាប និងផ្តល់ជាកម្មសិទ្ធិជូនអ្នកកាន់កាប់ជាក់ស្តែងប្រហែល៦ម៉ឺនគ្រួសារ៕