(កោះកុង)៖ លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោក ញាណ វឌ្ឍនៈ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកនៃមូលនិធិជនពិការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះថ្មី១ខ្នង របស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ បាន គង់ធរណី ភេទប្រុស ជាជនពិការអវយវៈទាំង៤ ពីកំណើត សព្វថ្ងៃរស់នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង និងជាសាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋបាលស្រុកមណ្ឌលសីមា លោកមេឃុំទួលគគីរ និងមន្ត្រីមូលដ្ឋានជាច្រើនរូប។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការ ដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ បន្ថែមលើពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏បានឧបត្ថម្ភនូវថវិកាចំនួន ១០ម៉ឺន មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល១គីឡូក្រាម ប្រេងឆា១លីត្រ។

គូសបញ្ជាក់ថា ផ្ទះមួយខ្នងនេះប្រើប្រាស់ថវិកា ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទាន សប្បុរធម៌មូលនិធិជនពិការ៕