(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គី ក្នុងឱកាសដែល ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេច ជាសម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី។

នៅក្នុងសារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចនេះថា «ទូលព្រះបង្គំ និងភរិយា សូមថ្វាយបង្គំសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើប រីករាយយ៉ាងក្រៃលែងថ្វាយ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ជាទីគោរពសក្ការៈ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានត្រាស់បង្គាប់តែងតាំងជាសម្ដេចព្រះរាជគ្រូព្រះប្រធាន មណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រ សីហមុនី តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០៧៣ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតជាទីគោរពសក្ការៈ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា ទូលព្រះបង្គំ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោកសូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរថ្វាយ សម្ដេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ជាទីគោរពសក្ការៈ សូម សម្តេចព្រះរាជគ្រូព្រះប្រធានប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីខានឡើយ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ៕