(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានស្នើផលិតភាពយន្តខ្នាតខ្លី និងខ្នាតវែង ដែលមានគុណភាព ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

ការស្នើរបស់លោកស្រីរដ្ឋមន្ត្រី បានធ្វើឡើងពេលអញ្ជើញបិទកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខ។

លោកស្រី ភឿង សកុណា បានសម្តែងការពេញចិត្តចំពោះវិស័យភាពយន្តខ្មែរ ពិសេសភាពយន្តភាគសម្រាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ មានការកើនឡើង។ ទោះជាយ៉ាងនេះក្តី លោកស្រីយល់ថា ចំនួននេះមិនទាន់ល្អនៅឡើយទេ ជាពិសេសលោកស្រីចង់ឃើញការផលិតភាពយន្តខ្នាតខ្លី និងខ្នាតវែង ដែលមានគុណភាព។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យភាពយន្តខ្មែរ ពិសេសភាពយន្តភាគសម្រាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ក៏មានការកើនឡើងដែរ ប៉ុន្តែស្ថិតក្នុងចំនួនមួយដែលយើងទាំងអស់គ្នាមិនទាន់ពេញចិត្តទាំងស្រុងនៅឡើយនោះទេ ហើយយើងត្រូវខិតខំបន្តជំរុញការងារនេះបន្ថែមទៀត ពិសេសជំរុញដល់ការផលិតភាពយន្តខ្នាតខ្លីនិងខ្នាតវែងដែលមានគុណភាពឱ្យបានកាន់តែច្រើនឡើងថែមទៀត»

ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានឱ្យដឹងថា យ៉ាងហោចណាស់ ភាពយន្តខ្មែរអាចផលិតបានប្រមាណ ៣០រឿង តែមានច្រើនបំផុត ២រឿង ដែលអាចនាំចេញទៅទីផ្សារបរទេសបាន។

មន្ត្រីក្រសួងវប្បធម៌ ធ្លាប់បានថ្លែងថា ភាគច្រើននៃខ្សែភាពយន្តខ្មែរបច្ចុប្បន្ននេះ គ្មានគុណភាពនោះទេ ដោយសារតែសមត្ថភាពផលិតករនៅមានកម្រិត ក៏ដូចជាកង្វះខាតថវិកាក្នុងការផលិត។

លោក ស៉ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ បានឱ្យដឹងថា ខ្សែភាពយន្តឥឡូវ ទាំងសំឡេង រូបភាព ស្រ្គីនធំ និងផាសុកភាពជាដើមក្តី ទៅមិនទាន់ដល់កម្រិតទេ។ បញ្ហាបច្ចេកទេសនៃការផលិត សមត្ថភាពផលិតករ និងកង្វះខាតថវិកា សុទ្ធតែជាបញ្ហាធំ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានឱ្យដឹងទៀតថា បច្ចុប្បន្ន រោងភាពយន្តនៅខ្មែរទំនើបល្អហើយ ប៉ុន្តែខ្សែភាពយន្តខ្មែរភាគច្រើន មិនអាចយកទៅបញ្ចាំងបាននោះទេ ដោយសារតែកម្រិតនៃខ្សែភាពយន្តនៅស្ទើរ។

ទីប្រឹក្សាក្រសួងវប្បធម៌ មើលឃើញថា សមត្ថភាពផលិតករនៅមានកម្រិត ដោយសារតែពេលឈានជើងចូលក្នុងវិស័យនេះ គាត់យល់ថាមានការលំបាកច្រើន។ សព្វថ្ងៃ មានផលិតករដែលទទួលការបណ្តុះបណ្តាល ហើយមានសមត្ថភាពខ្លាំង មានតិចណាស់។ ចំពោះកង្វះខាតថវិកា ធ្វើឱ្យផលិតករខ្លះចូលសម្តែងខ្លួន​​ឯង និងថតខ្លួន​​ឯងទៀត ដែលខុសពីជំនាញគាត់ ក៏ធ្វើឱ្យលទ្ធផលនៃខ្សែភាពយន្តមិនល្អដែរ។

ទន្ទឹមគ្នានេះ លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌ បានលើកឡើងថា ការផលិតភាពយន្តមួយៗ មិនមែនជារឿងសាមញ្ញទេ ហើយទាល់តែផលិតករដែលមានទេពកោសល្យណាស់ ទើបការផលិតនោះមានតម្លៃ។ ហេតុនេះហើយ ក្រសួងវប្បធម៌ បាននិងកំពុងតែខិតខំដុសខាត់ ស្វែងរកយុវវ័យជំនាន់ក្រោយ ដែលជួយលើកស្ទួយវិស័យនេះ ឱ្យរីកចម្រើនទៅមុខ៕