(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី រួមនឹងវត្តមានលោកជំទាវ ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន៤៤២នាក់។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានគូសបញ្ជាក់ថា នាពេលខាងមុខនេះ កម្ពុជា មានព្រឹត្តិការណ៍ធំសំខាន់២ ដែលត្រូវរៀបចំឡើងជាបន្តបន្ទាប់គ្នា គឺព្រឹត្តិការណ៍សំខាន់ទី១ កម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

ប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការស៊ីហ្គេម កាលពីថ្ងៃទី២៥ ខែមករា កន្លងមកនេះ។ ចំណែកឯព្រឹត្តិការណ៍សំខាន់ទី២ គឺកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោក ស សុខា បានលើកឡើងថា នៅពេលដែលមានព្រឹត្តិការណ៍ធំៗយ៉ាងដូច្នេះ កងកម្លាំងនគរបាលទាំងអស់ ប្រាកដជាមមាញឹក និងត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដងថែមទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងនៅមុន និងក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។

លោកបន្តថា ពិតណាស់ព្រឹត្តិការណ៍សំខាន់ទាំងនេះ នឹងមិនអាចប្រព្រឹត្តទៅបាននោះឡើយ ប្រសិនបើកម្ពុជារបស់យើង មិនមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចសង្គមទេនោះ។ ក្នុងន័យនេះ សន្តិភាពដែលកម្ពុជា ទទួលបានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានការប្រែប្រួលមុខមាត់នៅលើឆាកអន្តរជាតិ គួរឲ្យកត់សម្គាល់ ទាំងទៅលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ផ្នែកសិក្សាធិការអប់រំ ក៏ដូចជាអនុវិស័យកីឡាផងដែរ។

ជាក់ស្តែងខ្មែរយើងអាចឈានទៅដណ្តើមបានមេដាយមាស កម្រិតពិភពលោក ជាបន្តបន្ទាប់ ខណៈដែលសិស្ស និងនិស្សិតរបស់ខ្មែរ មានសមត្ថភាពប្រកួតប្រជែងរហូតដល់អាចមានសមត្ថភាពខ្ពស់ជាងសិស្ស និស្សិត មកពីបណ្តាប្រទេសរីកមច្រើន និងអភិវឌ្ឍធំៗខ្លះទៅទៀត។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង, លោក ស សុខា បានស្នើទៅកាន់លោកស្នងការនគរបាលខេត្តព្រៃវែង និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះចំណុចមួយចំនួនដូចខាងក្រោម៖

*ទី១៖ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿចិត្តមកលើកងកម្លាំងនគរបាល ដោយត្រូវធានាអនុវត្តឲ្យបាននូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច។
*ទី២៖ បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ដូចជា៖ សេវាអត្រានុកូលដ្ឋាន សេវាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម ជាពិសេសផ្តល់ជូនស្មើ
ភាពគ្នា ទោះពលរដ្ឋនោះមាននិន្នាការនយោបាយគាំទ្របក្សណាក៏ដោយ។
*ទី៣៖ បន្តស្មារតីសាមគ្គីភាព បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពវិន័យរបស់កងកម្លាំងនគរបាល និងត្រូវប្តេជ្ញាចិត្តការពាររដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត។
*ទី៤៖ ចំពោះនិវត្តន៍ជនទាំងអស់ ដែលបានអញ្ជើញចូលរួម សូមមេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព និងតាមដានកូនចៅរបស់ខ្លួន ដើម្បីឲ្យប្រាកដថា ពួកគេបានទៅសិក្សារៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ពិសេសគ្រឿងញៀន

ក្នុងឱកាសនោះ លោក ស សុខា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់និវត្តន៍ ដែលអញ្ជើញចូលរួមទាំង ៤៤២នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ចំនួន ៥០គីឡូក្រាម ភួយ ចំនួន ១ សារុង ចំនួន ១ ក្រមា ចំនួន ១ មី ចំនួន ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ៕