(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បណ្ដុះបណ្ដាល គ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន» ដើម្បីឈានឆ្ពោះទៅរកភាពម្ចាស់ការខ្ពស់ របស់កាកបាទក្រហមកម្ពុជា ក្នុងការងារអភិវឌ្ឍយុវជន ពិសេសការត្រៀមឈានឆ្ពោះ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្ដទៅក្នុងឆ្នាំ២០២៣នេះ។

នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ដែលមានរយៈពេល៤ថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ២០២៣ នាសណ្ឋាគារសាន់វ៉េ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់យុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា លោកតែងតែផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍយុវជន ដោយផ្ដល់អាទិភាពទៅលើការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរបស់យុវជន»

លោកស្រីបន្ដថា ការបើកវគ្គបណ្ដុះបណ្ដាលនៅពេលនេះ ក៏ជាការចាប់ផ្តើមមួយក្នុងដំណើរការឈានឆ្ពោះទៅឲ្យកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន» មានមន្ត្រីទីស្នាក់ការកណ្តាល ៥នាក់ មន្ត្រីសាខាខេត្តសៀមរាប ១នាក់ និងមន្ត្រីកាកបាទក្រហមមីយ៉ាន់ម៉ា១នាក់ និងមានការសម្របសម្រួលពីលោក Nattorn Sornvai ជាមន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តសមាគមជាតិ អាស៊ី-អាគ្នេយ៍ របស់សហព័ន្ធអន្តរជាតិ ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម។

លោកស្រី ម៉ែន នារីសោភ័គ បានសង្គត់ធ្ងន់ថា «ក្នុងការឈានឆ្ពោះទៅដល់កិច្ចប្រជុំខាងមុខនេះ ដំបូងគឺត្រូវការបណ្តុះបណ្តាលយុវជនជាមុនសិន ព្រោះយុវជនអនាគតជាអ្នកដឹកនាំ និងជាអ្នកបន្តវេន្ត ហើយវគ្គបណ្តុះបណ្តាលនេះ គឺមានជំនាញដូចជា ផ្នែកទំនាក់ទំនង ការយល់ដឹងពីមូលដ្ឋានគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ដែលជាបរិបទសកល និងការប្រែប្រួលអាកាសធាតុជាដើម»

ចំពោះកាលបរិច្ឆេក នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នឹងពិភាក្សាជាមួយសមាគមជាតិទាំង១១ ក្នុងការជ្រើសរើសពេលវេលាមួយសមស្រប ប៉ុន្ដែទៅតាមថ្ងៃបរិច្ឆេកដែលកាកបាទក្រហមកម្ពុជាបានដាក់សំណើរទៅ គឺនៅក្នុងខែកញ្ញា និងខែតុលាខាងមុខ។

សូមបញ្ជាក់ថា ការបណ្ដុះបណ្ដាលជាជំហានទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រព្រឹត្ដទៅនៅខេត្ដសៀមរាប ដែលមានសមាគមជាតិមកពីបណ្ដាប្រទេសផ្សេងៗចំនួន៨ ។ លើសពីនោះនឹងមានកិច្ចប្រជុំតាមអនឡាញចំនួន៤លើកជាមួយសមាគមជាតិ មុននឹងមានការជួបជាស្ថានពរក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍៕