(ព្រះសីហនុ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំគណបក្ស នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានយាង-អញ្ជើញសំណេះសំណាលជាមួយគណកម្មាធិការប្រតិបត្តិ ខេត្ត/ក្រុង ស្រុក ឃុំ និងបងប្អូនខ្មែឥស្លាម សមាជិកសមាជិកា ប្រមាណ៣៥០នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មានព្រះបន្ទូលនាឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវអំណរគុណ និងកោតសរសើរ ទឹកចិត្តមុតមុះ ក្លាហាន ស្មារតីអង់អាច ស្មោះត្រង់របស់បងប្អូន សមាជិកសមាជិកា បងប្អូនខ្មែរឥស្លាម ចំពោះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងបានគាំទ្រ នយោបាយបង្រួបបង្រួម ផ្សះផ្សា ឯកភាពជាតិ ដែលជាមាគ៌ាដ៏ត្រឹមត្រូវនៃព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបិតាស្ថបនិក FUNCINPEC (រ រ ជ ក ឯ អ ស ស ឭ) និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាតួអង្គដ៏សំខាន់ដែលនាំព្រះរាជាណាចក្រកម្ពុជា ទទួលបានស្ថេរភាពសង្គម សុខសន្តិភាព និងការអភិវឌ្ឍរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងឋានៈជាប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ បានប្រកាសក្នុងការស្វាគមន៍ អ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម អ្នកស្នេហាជាតិ រួបរួមសាមគ្គីគ្នាធ្វើឱ្យគណបក្សរាជានិយមមួយនេះទទួលបានការគាំទ្រនឹងមានអាសនៈនៅរដ្ឋសភាជាតិ ក្នុងការបោះឆ្នោតជាតិខាងមុខនេះ ដើម្បីរួបចំណែកកសាងជាតិមាតុភូមិនៃយើងរុងរឿង សម្បូរសប្បាយជានិរន្តរ៍៕