(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានស្នើសុំឲ្យម្ចាស់ក្រុមហ៊ុនអាជីកម្មដឹកជញ្ជូន និងអ្នកបញ្ជាយានយន្ត ចូលរួមគោរពនិងអនុវត្តច្បាប់បច្ចេកទេសយានយន្ត ក្នុងការបញ្ជាចរាចរណ៍នៅលើដងផ្លូវ ចៀសវាងការផ្ទុកលើសទម្ងន់បានកំណត់ បញ្ចៀសបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការជ្រុះរាយប៉ាយទំនិញ ឬកសិផល នៅតាមដងផ្លូវបង្ករឲ្យខូចសោភណ្ឌភាពសាធារណៈ។

ចំពោះក្រុមការងារបច្ចេកទេស ត្រូវពង្រឹងចុះត្រួតពិនិត្យ ការដោះស្រាយ និងបកស្រាយដោយផ្តោតតាមនីតិវិធីច្បាប់ និងរួមសហការគ្នាសាមគ្គីផ្ទៃក្នុង និងចេះស្តាប់មតិយោបល់គ្នា ដើម្បីគោលដៅតែមួយ ត្រូវចុះធ្វើការជាក្រុម សាមគ្គីគ្នា ហាមសែបគ្រឿងស្រវឹង គោរពពេលវេលាការងារ និងទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន ។

លោក គង់ គឹមនី បានគូសបញ្ជាក់ទៀតថា យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តលេខ ០៨៥/២០ស.ស.រ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានអប់រំផ្សព្វផ្សាយណែនាំដល់ម្ចាស់យានយន្ត ក្នុងដែនសមត្ថកិច្ចតាមគ្រប់រូបភាព ឲ្យភ្ញាក់រលឹកធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន ស្របតាមការកំណត់ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋាននានា និងផ្សព្វផ្សាយអំពីវិធានការរឹតបន្តឹងអនុវត្តច្បាប់របស់សមត្ថកិច្ចចំពោះករណីល្មើស។

សេចក្តីសម្រេចឲ្យធ្វើការត្រួតពិនិត្យ រឹតបន្តឹងជាប្រចាំតាមដងផ្លូវ ដោយចាត់វិធានការដូចជា៖

* រៀបចំទីតាំងឲ្យបានស្រមស្រប ដើម្បីឃាត់និងធ្វើការកែតម្រូវ ចំពោះយានយន្តខុសលក្ខណៈបច្ចេកទេស។

* រៀបចំមធ្យោយបាយ ឧបករណ៍ សម្ភារៈ និងលិខិតស្នាម បម្រើដល់កិច្ចប្រតិបត្តិការត្រួតពិនិត្យ។

* ធ្វើការត្រួតពិនិត្យជាក់ស្តែងនៅតាមគោលដៅនីមួយៗ រកឲ្យឃើញយានយន្តខុសបច្ចេកទេស ដើម្បីចាត់វិធានការ ការកែតម្រូវយានយន្តខុសលក្ខណៈបច្ចេកទេស តាមករណីបទល្មើសជាក់ស្តែងនីមួយៗ នៅតាមទីតាំងដែលបានរៀបចំជាមុន។

* ធ្វើកំណត់ហេតុដកហូតវត្ថុតាង ធ្វើការពិន័យតាមអនុក្រឹត្យលេខ ៨៥ អនក្រ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យឯកសារចាំបាច់តាមនីតិវិធី។

* ណែនាំដល់ម្ចាស់យានយន្តដែលខុសលក្ខណៈបច្ចេកទេស អំពីកាតព្វកិច្ចក្នុងការរកអ្នកបច្ចេកទេស មកធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមច្បាប់ ត្រូវបង់សេវាកែតម្រូវលក្ខណៈបច្ចេកទេសនេះ និងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនិញ ឬវត្ថុសម្ភារៈដែលផ្ទុកក្នុងយានយន្តរបស់ខ្លួន។

* ក្នុងរយៈពេលលើសពី៣ថ្ងៃ ប្រសិនបើម្ចាស់យានយន្តដែលខុសលក្ខណៈបច្ចេកទេសណា មិនព្រមកែតម្រូវលក្ខណៈបច្ចេកទេសតាមការណែនាំរបស់សមត្ថកិច្ច ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ ក្នុងករណីនេះ ម្ចាស់យានយន្តត្រូវបង់ថ្លៃឈ្នួលទីតាំងចំណតយានយន្ត តាមតម្លៃផ្ទុកដែលរដ្ឋបានកំណត់។

* បង្កើនការត្រួតពិនិត្យយានដ្ឋានកែច្នៃដំឡើងយានយន្ត ធ្វើការត្រួតពិនិត្យលិខិតស្នាមអាជីវកម្ម និងទប់ស្កាត់ការកែច្នៃដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេស ដោយចាត់វិធានការរដ្ឋបាល និងច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះករណីល្មើស។

* បង្កើនការត្រួតពិនិត្យរថយន្តចង្កូតស្តាំ ដែលកំពុងធ្វើចរាចរណ៍ដោយគ្មានស្លាកលេខគ្មានបណ្ណសំគាល់យានយន្ត ឬគ្មានបង់ពន្ធចំណូល ដើម្បីចាត់ការម៉ឺងម៉ាត់តាមច្បាប់។

* ចំពោះរថយន្តចង្កូតស្ដាំដែលគ្មានបង់ពន្ធនាំចូល ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យតាមច្បាប់ ហើយក្រុមការងារថ្នាក់ខេត្ត ត្រូវរាយការណ៍លទ្ធផលការងារមកកាន់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ត) នៅរៀងរាល់ថ្ងៃទី២៥ នៃខែនីមួយៗជាកំណត់ ដើម្បីធ្វើការបូកសរុបរាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍បន្ទាន់ជូនថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្នើសុំគោលការណ៍ថ្នាក់ដឹកនាំទាន់ពេល៕