(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពី ក្រុម​ប្រឹក្សា​សមាគមគណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិទី៣ ឆ្នាំ២០២២ នៃ​សមាគម​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ នៅខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួម ពីលោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក សយ កុសល ប្រធានសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក ខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ខេត្ត ងសមាជិកជាង ១៤៤នាក់។

ក្នុងកិច្ចប្រជុំនោះ លោកជាម សុខ បានឲ្យដឹងថា សមាជិកទាំង ១៤៤នាក់ ដែលបានចូលរួមកិច្ចប្រជុំ បានស្តាប់របាយការណ៍បូកសរុប លទ្ធផលកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣ ថា៖

* ទី១៖ ពិភាក្សានិងអនុម័តការកែប្រែអត្រាប្រាក់បេសកកម្ម ប្រាក់ធ្វើដំណើររបស់សមាគម

* ទី២៖ ពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាននៅឆ្នាំ២០២២

* ទី៣៖ ពិភាក្សានិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ របស់សមាគម

* ទី៤៖ ពិភាក្សានិងអនុម័តសកម្មភាពនិងថវិកាឆ្នាំ២០២៣ ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា ការបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់និងការផ្សព្វផ្សាយ ក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តចុះប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាទាំងនេះ ផងដែរ។

ក្នុងនោះ លោក សយ កុស និងវាគ្មិនដទៃទៀត បានលើកពិភាក្សាពីបញ្ហានានាដែលមានខ្លឹមសារនៅជុំវិញគោលបំណងនិងទិសដៅនៃសមាគមដែលលើកកម្ពស់ឋាន: អភិវឌ្ឍន៍សមត្ថភាព ការពារផលប្រយោជន៍ របស់សមាគម និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នផងនិងពង្រឹងសមាគម ចីរភាពហិរញ្ញវត្ថុ សមត្ថភាពសមាជិក ទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង ស្ថាប័ន អភិវឌ្ឍន៍សេដ្ឋកិច្ចនិងយែនឌ័រជាដើម។

លោក​ យឹម​ សំណាង ស្នើនិងជម្រុញឲ្យប្រធាននិងសមាជិកសមាគម បន្តខិតខំអនុវត្តឲ្យសម្រេចបានតាមគោលបំណង គោលដៅនិងការប្តេជ្ញាចិត្តរបស់ខ្លួននៅឆ្នាំ២០២៣នេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចខេត្តនិងប្រទេសជាតិជាពិសេសផ្តល់សេវានិងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យល្អ និងមានប្រសិទ្ធភាព៕