(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ដើម្បីពង្រឹងប្រព័ន្ធសេវាកម្មជូនភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសនោះ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការពង្រឹងប្រព័ន្ធសេវាកម្មជូនភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៅទូទាំងប្រទេសនេះ គឺជាភាពចាំបាច់ក្នុងការទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកប្រទេសកម្ពុជា។

លោក ហោ សារុន បានបន្តថា គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ បានខិតខំលុបបំបាត់នូវរបាំងមិនចាំបាច់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ពីព្រោះកាលណាភ្ញៀវទេសចរចូលមកដល់ច្រកទ្វារ ត្រូវធ្វើយ៉ាងណាឱ្យពួកគេងាយស្រួលក្នុងការបំពេញបែបបទចូលមកក្នុងប្រទេសកម្ពុជា ផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនេះតែម្ដង។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា «សមត្ថកិច្ចដែលនៅតាមច្រកទ្វារ ទាំងសមត្ថកិច្ចអន្តោប្រវេសន៍ គយ សុខាភិបាល ត្រូវមានឥរិយាបថទន់ភ្លន់ រួសរាយ ម៉ឺងម៉ាត់ក្នុងការងារ ដែលជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសយើង»

លោកបានសង្កត់ធ្ងន់ពីការពង្រឹងនូវប្រព័ន្ធសេវាកម្មជូនភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់។

លោក ហោ សារុន បានគូសបញ្ជាក់ទៀតថា ចំពោះថ្លៃទិដ្ឋការដែលភ្ញៀវទេសចរត្រូវបង់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទាំងនោះ គឺត្រូវដាក់តារាងតម្លៃឱ្យបានច្បាស់លាស់ ហើយមិនត្រូវយកថ្លៃលើសពីថ្លៃដែលបានកំណត់នោះឡើយ ជៀសវាងធ្វើឱ្យភ្ញៀវមានងឿងឆ្ងល់ អាក់អន់ចិត្ត ឬមិនពេញចិត្តដោយប្រការណាមួយ។

លោកបន្តទៀតថា គណៈកម្មការអន្តរក្រសួង គ..អ.ច.ទ បានខិតខំកែសម្រួលកិច្ចការងារ និងចំណុចមិនប្រក្រតីមួយចំនួននៅតាមច្រកទ្វារព្រំដែន ដូចជាបានលុបបំបាត់ក្រុមរត់ការឱ្យភ្ញៀវដែលទារតម្លៃលើសពីគោលការណ៍ ក្រុមអ្នកប្ដូរប្រាក់ជូនភ្ញៀវដែលមិនគ្រប់ចំនួននៃអត្រាទីផ្សារប្ដូរប្រាក់ ឬក៏បញ្ហាខ្លះភ្ញៀវចូលលេងកាស៉ីណូមុនឆ្លងចូលច្រកទ្វារព្រំដែនជាដើម។

គួរជម្រាបថា នាកិច្ចប្រជុំខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំកិច្ចពិភាក្សាលើប្រធានបទ២ទៀត ដែលពាក់ព័ន្ធនឹងការរៀបចំជូនភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ក្នុងនោះទី១គឺការរៀបចំឱ្យមានច្រកទ្វារអន្តរជាតិនៅកំពង់ផែទេសចរណ៍ខេត្តកំពត ដែលត្រូវដាក់ឱ្យមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធប្រចាំការទៅទីនោះដូចទៅនឹងកំពង់ផែអន្តរជាតិដទៃដែរ, ទី២គឺការរៀបចំអនុវត្តទិដ្ឋការ «ប្រទេសពីរ គោលដៅតែមួយ» ដែលកម្ពុជាត្រូវអនុវត្តជាមួយប្រទេសម៉ាល់ឌីវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលធ្វើដំណើរពីកោះម៉ាល់ឌីវ៕