(កែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាព ម្ហូប អាហារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធ» រយៈពេលពីរថ្ងៃ ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប, លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ។

សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះរួមមាន ម្ចាស់ អាជីវករ សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភាពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ស្ថាប័នអយ្យការខេត្តកែប និងមន្រ្តីសាខា ក.ប.ប. រាជធានី-ខេត្ត ដែលរួមានខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ ដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ដែលរួមមានធុរជន អ្នក ប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ ឲ្យបានទូលំទូលាយអំពីការអនុវត្តច្បាប់ និងអត្ថប្រយោជន៍នៃច្បាប់ទាំង៣ខាងលើ ជាពិសេសអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងការជំរុញឲ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ច ដោយស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបានបង្ហាញពីបទល្មើស និងទោសទណ្ឌ ក្រោមបទប្បញ្ញត្តិផងដែរ។

ទន្ទឹមនឹងការផ្សព្វផ្សាយនូវបទប្បញ្ញត្តិទាំងនេះជូនដល់ធុរជន និងសាធារណជន សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ ក៏បានបញ្ចូលនូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលមានមូលដ្ឋាននៅខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត និងនីតិវិធីនៃការដោះស្រាយតាមការចរចា ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាឲ្យការអនុវត្តច្បាប់ទាំងនេះមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សូមបញ្ជាក់ថា សិក្ខាសាលានាលើកនេះ គឺជាសិក្ខាសាលាលើកទី១ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយ ពាណិជ្ជកម្ម លើផលិតផល ទំនិញ និងសេវា ហើយគ្រោងនឹងរៀបចំឡើងចំនួន៥លើកបន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត។

ក្នុងឆ្នាំ២០២២ កន្លងមកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ទាំង៣នេះ ត្រូវបានរៀបចំរួចហើយនៅទូទាំងប្រទេស ដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ៕