(ភ្នំពេញ)៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានលើកឡើងថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជារឿងព្រហ្មទណ្ឌសុទ្ធសាធ ដែលពាក់ព័ន្ធនឹងការចេញសែកស្អុយ ពោលមិនមែនជារឿងនយោបាយនោះទេ។

លោកថ្លែងបែបនេះ ពេលគណបក្សឯកភាពជាតិខ្មែរ ធ្វើសន្និសីទសារព័ត៌មានមួយ ប្រកាសចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដាខាងមុខនេះ នៅទីស្នាក់ការគណបក្ស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោក អ៊ុន ជឹម បានបញ្ជាក់យ៉ាងដូច្នេះ «យើងស្តាប់មតិមួយចំនួនថា ជារឿងនយោបាយ ឯមតិមួយចំនួនថា ជារឿងផ្ទាល់ខ្លួន។ អញ្ចឹងពួកយើងខ្ញុំ ក្នុងនាមជាគណបក្សឯកភាពជាតិខ្មែរ ក្នុងនាមខ្ញុំផ្ទាល់គិតថា ទុកឲ្យមហាជនវាយតម្លៃ ប៉ុន្តែឆ្លងតាមអង្គច្បាប់ គឺចេញសែកស្អុយ។ បើពួកគាត់យករឿងហ្នឹងមកបកស្រាយថាជារឿងនយោបាយ អាហ្នឹងជារឿងរបស់គាត់ តែតាមអង្គហេតុដែលយើងឃើញ គឺរឿងចេញសែកស្អុយ»

សូមជម្រាបថា បើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុសពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន០៥សន្លឹក)»។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៉ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៉ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ក្នុងសន្និសីទសារព័ត៌មានដដែល ប្រធានគណបក្សឯកភាពជាតិខ្មែរ ក៏បានអះអាងពីការធ្វើជាគណបក្សនយោបាយ ដែលមានក្រមសីលធម៌ ពោលគឺមិនមិនជេរប្រមាថ ឬលាបពណ៌គណបក្សដទៃឡើយ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ គណបក្សនេះ ថែមទាំងបានប្តេជ្ញាចិត្ត និងផ្តាំសកម្មជនរបស់ខ្លួន ធ្វើការឃោសនាបោះឆ្នោត ដោយលើកឡើងតែពីគោលនយោបាយបក្ស មិនវាយប្រហារគណបក្សដទៃ ដើម្បីស្វែងរកសំឡេងឆ្នោតឡើយ។

លោក អ៊ុន​ ជឹម បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឯកភាពជាតិខ្មែរមានគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង៩ សំខាន់ៗ គឺការលុបបំបាត់វប្បធម៌នយោបាយ ដោយការជេរប្រមាថ ការលាបពណ៌ ការចោទប្រកាន់ និងការញុះញង់ដល់គណបក្សនយោបាយណាមួយឡើយ ព្រោះថ្នាក់ដឹកនាំគណបក្សឯកភាពជាតិខ្មែរទាំងអស់គ្នា យល់ឃើញយ៉ាងច្បាស់ថា ការជេរប្រមាថ ការលាបពណ៌ ការចោទប្រកាន់ និង ការញុះញង់ទាំងនេះ នាំឲ្យជាតិបែកបាក់ និងជាផែនការបំបែកបំបាក់របស់បរទេសមកលើខ្មែរជាង ៧០០ឆ្នាំហើយ។ ហេតុនេះ សូមអ្នកនយោបាយគ្រប់រូបពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ កុំព្រោះតែចង់ល្បី អ្វីក៏ធ្វើដែរ»

ប្រធានគណបក្សឯកភាពជាតិខ្មែរ បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយមួយចំនួន និងអ្នកវិភាគមួយចំនួនតូចដែលងប់ងុលនឹងការប្រឆាំង និងការចង់បំផ្លាញដៃគូប្រកួត ដែលតែងតែយល់ថាបើធ្វើនយោបាយមិនជេរ និងមិនចោទថ្នាក់ដឹកនាំសុទ្ធតែជាបក្សអាយ៉ងទៅវិញ។ នេះហើយជាចំណុចដែលគ្រោះថ្នាក់ ដល់ការតស៊ូនយោបាយបែបប្រជាធិបតេយ្យពិតនៅកម្ពុជា។

លោក អ៊ុន ជឹម បានឆ្លៀតលើកឡើងពីបញ្ហានយោបាយខ្លះៗ។ លោកថា គណបក្សមួយចំនួន ដែលលើកឡើងថា គណបក្សកាន់អំណាច កើតឡើងដោយសារវៀតណាម គឺជាការធ្វើនយោបាយដោយគ្មានសីលធម៌។ ការចោទប្រកាន់ដោយគ្មានភស្តុតាង គឺជាការបរិហារកេរ្តិ៍ ដែលប្រឈមមុខនឹងច្បាប់ ហេតុនេះហើយបានជាគណបក្សឯកភាពជាតិខ្មែរ មិនឲ្យសកម្មជនធ្វើនយោបាយ វាយប្រហារបក្សដទៃឡើយ។

នៅពេលសួរថា តើគណបក្ស​​ឯកភាពជាតិខ្មែរ យល់ឃើញយ៉ាងណាចំពោះការជ្រើសលោក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេនរបស់គណបក្សកាន់អំណាច លោក អ៊ុន ជឹម ឆ្លើយថា រឿងផ្ទៃក្នុងគណបក្សគេ គណបក្សដទៃពុំគួររិះគន់ និងមានយោបល់ឡើយ។ លោកបន្ថែមថា ការជ្រើសរើសបេក្ខជនបន្តវេនរបស់គណបក្សទាំងឡាយ គឺជារឿងត្រឹមត្រូវ។

«គណបក្សកាន់អំណាចជ្រើសរើសបេក្ខជនបន្តវេន មិនមែនជាការផ្ទេរអំណាចដឹកនាំប្រទេសតជំនាន់ ដូចកូរ៉េខាងជើងទេ។ ប្រទេសកម្ពុជា ផ្លាស់ប្តូរអ្នកដឹកនាំដោយការបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី​ ពហុបក្ស។ បើកម្ពុជាផ្ទេរអំណាចដូចកូរ៉េខាងជើង ទើបហៅថា របបផ្តាច់ការ»។ នេះបើតាមលោក អ៊ុន ជឹម៕