(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិចុងបង្គោល ភូមិថ្មី ភូមិមនោរម្យ ភូមិព្រៃទន្លាប់ និងភូមិបូរីកម្មករ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ផ្លូវបេតុងអាមេមួយខ្សែនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ពោលគឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក គង់ សោភ័ណ្ឌ បានបន្ថែមទៀតថា៖ «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវបេតុងនាថ្ងៃនេះ គឺជាសក្ខីកម្ម នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខ សន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើងអស់រយៈ ពេលជាង២៥ឆ្នាំមកហើយ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដូច្នេះ យើងទាំងអស់គ្នាត្រូវស្រឡាញ់សន្តិភាព យើងទាំងអស់គ្នាអរគុណសន្តិភាព ពីព្រោះយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ»

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តក៏បាន ធ្វើការផ្ដាំផ្ញើ និងជំរុញដល់រដ្ឋបាលស្រុកអង្គស្នួល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ចំពោះ សំណើ សំណូមពរ និងបញ្ញប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា។

ជាមួយនឹងការទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំបែកចាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោក គង់ សោភ័ណ្ឌ និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ដែលបានទទួលយកសំណើររបស់ប្រជាជនក្នុងការសាងសង់ផ្លូវបេតុងទទឹង៧ម៉ែត្របណ្ដោយ ១គីឡូម៉ែត្រ។

ក្រុមប្រជាពលរដ្ឋបានថ្លែងអំពីទឹកចិត្តសោមនស្សរីករាយយ៉ាងពេកក្រៃ និងដឹងគុណបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ឱ្យមានការរីកចម្រើន ហើយក៏សូមអរគុណដល់ការដឹកនាំដ៏ឈ្លាសវៃផងដែររបស់លោកអភិបាលខេត្ត និងលោកអភិបាលស្រុកអង្គស្នួល ដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ៕