(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង នៅពេលថ្មីៗនេះ បានគម្រាមធ្វើបាតុកម្មក្នុងលេសទាមទារ​ឱ្យមានការគោរព អភ័យឯកសិទ្ធិអ្នកតំណាង​រាស្ត្រ​គណបក្ស​របស់ខ្លួន តែការពិត គឺចង់ការពារបុគ្គល​មានទោស ដែលជាមនុស្សរបស់​គណបក្សនេះប៉ុណ្ណោះ។

ការប្រកាសគម្រាម​ធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំង ហាក់បរាជ័យក្នុងបំណង​ជួបចរចាជាមួយ​គណបក្សកាន់​អំណាច ព្រោះនាយករដ្ឋមន្រ្តី បានបញ្ជាក់ហើយថា គណបក្សប្រជា​ជន​កម្ពុជា បើកទ្វារសម្រាប់ការចរចាជាមួយបក្សប្រឆាំង ប៉ុន្តែមិនមានការចរចាដើម្បីដោះលែងបុគ្គលល្មើសច្បាប់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើរផ្ទុយពីគោលបំណងរបស់គណបក្សប្រឆាំង ដែលចង់ចរចាឱ្យមាន​ការដោះលែងអ្នកទោស ដែលជាមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិ។ ភាពប្រទាំងប្រទើសនេះហើយ ដែលបណ្តាល​ឱ្យមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងចេញមុខមកប្រកាស​គម្រាមធ្វើបាតុកម្មនាពេលខាងមុខ។

ផ្អែកតាមស្ថានការណ៍ជាក់ស្តែង តើការគម្រាមធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាចទទួលបានផលប្រយោជន៍អ្វីដែររឺទេ?

បើយើងធ្វើការវិភាគលើស្ថានការណ៍បច្ចុប្បន្ន គឺគណបក្សសង្គ្រោះជាតិ កំពុងដែលដុនដាបទៅៗ ដោយបញ្ហាចេះតែកើតឡើងមិនឈប់ឈរ ក្រៅពីរឿង ដែលថ្នាក់ដឹកនាំ និងមន្ត្រីបក្សនេះបង្ក​ឱ្យមានទោស​ទណ្ឌជា​បន្តបន្ទាប់ ក៏នៅមានរឿងរសើបដែលកំពុងតែញាំញីគណបក្សនេះ គឺបញ្ហាប្រេះឆាផ្ទៃក្នុង ដែលរកច្រកចេញមិនឃើញ។ ភាពប្រេះឆារបស់គណបក្សសង្គ្រោះជាតិ គឺកើតឡើង​ពីភាពមិនស្មោះ​ត្រង់រវាងក្រុម​ទាំងពីរ គឺបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្ស ដែលតែងតែប៉ែងជើងគ្នាក្នុងបក្សសង្គ្រោះជាតិ ដណ្តើមអំណាចគ្នា និងហែកហួរគ្នាព្រោះតែផលប្រយោជន៍រៀងៗខ្លួន។

ការបែកបាក់ផ្ទៃក្នុងនេះ វាមិនខុសអីពីពាក្យចាស់លោកពោលថា «នៅម្នាក់ឯងប្រសើរជាងមានគ្នា បើសិនគ្នានោះ ជាប្រភេទមនុស្សមិនស្មោះ ឬគិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន»។ ជំងឺ​ដែល​គណបក្សសង្គ្រោះជាតិ កំពុងតែជួបបាន និងកំពុងតែរុញគណបក្សនេះ ឱ្យចុះអន់ខ្សោយទៅៗ ហើយអាចនឹងស្លាប់ក្នុងពេលដ៏ស្រួចស្រាលមួយ ដែលពិបាកនឹងទប់ខ្លាំងណាស់។

ស្ថានភាពដែលគណបក្សទាំងមូលកំពុងតែដាំក្បាលចុះបែបនេះ កុំថាឡើយអ្នកនយោបាយ សូម្បីតែពលរដ្ឋសាមញ្ញក៏ងាយយល់ដែរថា គណបក្សនេះគ្មាន លទ្ធភាពឯណា ទៅគម្រាមបក្សកាន់អំណាច ឱ្យធ្វើអ្វីតាមខ្លួនចង់បាននោះទេ ពោលគឺបក្សប្រឆាំងប្រាកដជាគ្មានបានផលប្រយោជន៍អ្វីពីការ គម្រាមធ្វើបាតុកម្មឡើយ។ នៅកាលៈទេសៈនេះ គណបក្សប្រឆាំង មិនខុសអីពីកូនក្មេង ដែលលួចរបស់គេ ហើយពេលម្ចាស់គេដឹងក៏ស្រែកគម្រាម ដើម្បីការពារខ្លួនថា បើឯងហ៊ានយកវិញ ខ្ញុំនឹងឈប់លេងចូលឯងហើយ។ អ្នកសាកគិតទៅមើល តើការគម្រាមរបស់ក្មេងកំហូចនេះ មានប្រសិទ្ធិភាពរឺទេ? អត់ទេ!
ទីបំផុតម្ចាស់របស់គេនឹងយករបស់គេទៅវិញ ដោយមិនខ្វល់​ពីការគម្រាមអត់ប្រយោជន៍​នោះឡើយ។ គិតៗទៅវិធីសាស្ត្ររបស់​ក្មេងកំហូចនេះ ក៏ដូចជាវិធីដែល បក្សប្រឆាំង​កំពុងតែលេងដែរ បក្សប្រឆាំងនឹងមិនបានទទួល​ប្រយោជន៍អ្វីបន្តិចឡើយ ពីការគម្រាមធ្វើបាតុកម្មរបស់ខ្លួន ហើយស្រួលមិនស្រួល អាចធ្វើឱ្យខាត បង់សម្លេងគាំទ្រទៀត នៅពេលដែលអ្នកគាំទ្រធុញទ្រាំ នឹងការចូលរួម​ធ្វើបាតុកម្មម្តងហើយ​ម្តងទៀត ដែលគ្មានបានលទ្ធផលអ្វីសោះនោះ។

មួយវិញទៀត រឿងបញ្ហាមន្រ្តីជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលមានទោសទណ្ឌនោះ តាមមើលទៅវាពិបាកនឹងរកច្រកចេញណាស់ ព្រោះថាកំរិតទោសទណ្ឌ​ដែលមន្ត្រីជាន់ខ្ពស់​ទាំងនោះ បានប្រព្រឹត្តវាធ្ងន់ធ្ងរពេក ដែលពិបាកនឹងធ្វើឱ្យគណបក្សកាន់អំណាចអាចសម្បទានឱ្យបានណាស់។

ជាក់ស្តែងរឿង លោក ហុង សុខហួរ ក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដែលមានតំលៃស្មើនឹងអាយុជីវិតជាតិទាំងមូល តើឱ្យរដ្ឋាភិបាលយោគយល់ និងបំភ្លេចចោលដោយ​ងាយៗ​ម្តេច​បាន? ដូច្នេះការគម្រាមធ្វើបាតុកម្ម របស់គណបក្សប្រឆាំង ដើម្បីជំរុញឱ្យបក្សកាន់អំណាចយល់ព្រមចរចាជាមួយរឿងអ្នកទោស របស់គណបក្សសង្គ្រោះជាតិ ឱ្យរួចខ្លួនពីច្បាប់នោះ វាប្រាកដ​ជាពិបាក​កើតឡើងណាស់ ផ្ទុយទៅវិញការគម្រាមធ្វើបាតុកម្មរបស់គណបក្សប្រឆាំង បែរជាធ្វើឱ្យបក្សកាន់អំណាចក្តៅស្លឹកត្រចៀក និងលែងចង់និយាយរកទៅវិញក៏ថាបាន។ សរុបមកវិធីគម្រាមធ្វើបាតុកម្មនេះ នឹងគ្មានបានប្រយោជន៍អ្វី សូម្បីតែបន្តិចឡើយដល់បក្សប្រឆាំង ក្នុងស្ថានភាពដែលបក្សនេះកំពុងតែត្រដរខ្យល់បែបនេះ៕