(កណ្តាល)៖ ដោយ​សារ​ហូប​ទឹក​ប្តូរ​និស្ស័យ​ដែល​គេ​និយម​ហៅ​​ថា​គ្រឿង​ស្រវឹង​នោះ​ ធ្វើ​ឲ្យ​បុរស​ពីរ​នាក់​មាន​ជម្លោះ​រហូត​ឈាន​ដល់​ការ​ចាក់​ធ្លាយ​ពោះវៀន​ ។  ទោះបី​យ៉ាងណា​ ជនដៃដល់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ​​ត្រូវ​​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន​ រីឯ​ជនរងគ្រោះ​ស្ថិត​ក្រោម​ការ​សង្គ្រោះ​ ។

មន្ត្រី​តុលាការ​ បាន​ឲ្យដឹងថា​ ជនដៃដល់​មាន​ឈ្មោះ​ វ៉ាង​ សុក​ អាយុ​១៨ឆ្នាំ​  ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី២៧​ ​ខែ​មិថុនា​ ក្រោម​​ការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។  បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។ ​

ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ​ ង្វៀង យុំាងផាប ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់ ។

គួរ​រំលឹក​ថា​ ហេតុការណ៍អំពើហិង្សា​នេះ​ កើត​ឡើង​គឺបន្ទាប់ពីធ្វើសំណង់ហត់នឿយបានបបួលគ្នា​ ទិញស្រាបៀរចំនួន១កេសផឹកស៊ី។  ខណៈកំពុងផឹកនោះ ស្រាប់តែមានទំនាស់ពាក្យ​សម្តី​នឹងគ្នា ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យ​ឈ្មោះ​  ង្វៀង យុំាងផាប  ខឹងច្រឡោតស្ទុះទៅវាយ​ឈ្មោះ​ វ៉ាង​ សុក​ ។  ដោយសារ​ឈ្មោះ​ វ៉ាង​ សុក​ មានមាឌតូចជាង ក៏រត់ចេញទៅផ្ទះ ហើយ​ឈ្មោះ​ង្វៀង យុំាងផាប  នៅតែបន្តដេញតាមវាយ ទើបធ្វើឲ្យឈ្មោះ​ វ៉ាង​ សុក​ ទ្រាំមិនបានក៏ចូលទៅយកកូនកាំបិតចាក់ទៅ​លើ​ឈ្មោះ​  ង្វៀង​ យុំាងផាប  ត្រូវ​ចំពោះផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាយ​ពោះវៀន​ តែម្ដង​ ៕