(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ដែលផ្តួចផ្តើមដោយក្រុមហ៊ុនទេសចរណ៍អលឌ្រីម ខេមបូឌា All Dreams Cambodia & Tos Yerng រួមសហការជាមួយក្រុមហ៊ុន Chip Mong Ecocycle និង Ecobricks នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំបើកយុទ្ធធានាការ «មួយជំហានគ្មានផ្លាស្ទិក ONE STEPNOPLASTIC»

យុទ្ធនាការមួយនេះ បានធ្វើឡើងក្រោមវត្តមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍នានា, អង្គការដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា, យុវជន ស.ស.យ.ក ខេត្ត, មន្ទីរនានាជុំវិញខេត្ត, សហគមន៍ទេសចរណ៍នានា, មន្ទីរបរិស្ថានខេត្ត, មន្រ្តីសាលាក្រុងបាត់ដំបង និងសិស្សានុសិស្សចូលរួមប្រមាណជាង ១,០០០នាក់។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានប្រកាសបែងចែកកម្លាំងជាក្រុមតូចៗ នៅតាមគោលដៅរៀងៗខ្លួននាំគ្នាដើរប្រមូលថង់ប្លាស្ទិក នៅគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង និងបានញែកជាពីរ ដោយបានច្រកថង់ពណ៌ខ្មៅ និងថង់ពណ៌ស ក្នុងគោលបំណងយកទៅកែច្នៃសំរាមផ្លាស្ទិកដែលប្រមូលបាននេះ។

យុទ្ធនាការនេះ វាបានបញ្ជ្រៀតការយល់ដឹងបន្ថែមទៀត និងលើកកម្ពស់អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ តាមរយៈ music video by Tos Yerng ដើម្បីសង្កត់ធ្ងន់លើជំហានតូចមួយដែលមានគោលបំណងចូលរួមដូចខាងក្រោម៖

​*ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*ប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីកនៅកម្ពុជា
*កែលម្អភាពទាក់ទាញនៃគោលដៅទេសចរណ៍
*រួមចំណែកដល់សុខុមាលភាពរបស់អ្នកស្រុក
*ជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសយុទ្ធនាការ ONE STEP NO PLASTIC នេះ មានឆន្ទៈក្នុងការប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ នៃឧស្សាហកម្មទេសចរណ៍ ឣង្គការក្នុងស្រុក ឣង្គការក្រៅរដ្ឋាភិបាល សមាគមន៍នានាប្រចាំតំបន់ឱ្យចេះរួបរួមគ្នា គាំទ្រលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ពីបរិស្ថានមានស្មារតីភ្ញាក់រលឹកចេះបែងចែកសំរាម និងចូលរួមសកម្មភាពសង្គម ក៏ដូចជាស្រឡាញ់ និងចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់កម្ពុជា ក្នុងគោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព និងភាពទាក់ទាញ

យុទ្ធនាការនេះ បានធ្វើបានកន្លងមកនៅ ខេត្តកែប,សៀមរាប, ក្រចេះ, ភ្នំពេញ រួចមកហើយ។

ក្រុមការងារសង្ឃឹមថាតាមរយៈយុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» ONE STEP​ NOPLASTIC» នេះនឹងបានចូលរួមផ្សព្វ
ផ្សាយណែនាំផ្តល់នូវចំណេះដល់សហគមន៍ដទៃទៀតឱ្យចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់កម្ពុជា ដើម្បីទាក់ទាញទេសចរដែលអាចជួយផ្តល់ ការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រមួយផ្នែករបស់ប្រជាសហគមន៍។ល។

ជាលទ្ធផលថ្ងៃនេះក្រុមការងារបានរើសសំរាមប្លាសស្ទិកបានប្រមាណជា ៣៥០គីឡូក្រាម ទុកជូនក្រុមហ៊ុនទទួលកែច្នៃសំរាមប្លាស្ទីក និងសំរាមកាកសំណល់ទូទៅប្រមាណ ៨២០គីឡូក្រាម ដើម្បីយកទៅទុកដាក់ឱ្យបានត្រឹមត្រូវផងដែរ៕