(សៀមរាប)៖ ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ បានចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះយន្តហោះ នៅក្រុងសៀមរាប ដែលបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ច្រាច់ ពៅ បានឲ្យដឹងថា បំណងប្រាថ្នារបស់លោកតាំងពីតូចចង់ជិះ ដេកនៅលើយន្តហោះ ប្រសិនបើនៅពេលមានលុយ។ ដោយលោកជាជាងសំណង់ផង ហើយធ្វើផ្ទះឱ្យគេទៀតនោះ គឺម៉ូដដដែលៗមិនខុសប៉ុន្មាននោះដែរ ដែលធ្វើឲ្យលោកគិតថា ប្រសិនបើមានលុយ លោកនឹងធ្វើផ្ទះឲ្យដូចទៅនឹងយន្តហោះ ដើម្បីសម្រេចបំណងដែលខ្លួន ធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច និងឧទ្ទិសដល់ភរិយាផងដែរ។

លោក ច្រាច់ ពៅ បានបន្តថា លុះដល់ពេលមានលុយសមរម្យហើយ ក៏ប៉ុន្តែមិនមានឱកាសបានជិះយន្តហោះនោះដែរ ដោយសាររវល់នឹងការងារ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន គឺនៅដើមឆ្នាំ២០២២ លោកបានសម្រេចសាងសង់ផ្ទះ ដែលរូបរាងជាយន្តហោះ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និងបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។

ទោះក្ដីស្រមៃរបស់លោក ពៅ បានសម្រេចក៏ពិតម៉ែន ប៉ុន្តែគួរឲ្យសោកស្ដាយប្រពន្ធជាទីស្រលាញ់របស់លោក គឺបានលាចាកលោកនទៅហើយ ដោយជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០១៣ និងបានបន្សល់ទុកនូវកូនចំនួន ០៣នាក់ផងដែរ។

សូមបញ្ជាក់ថា ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត ៤ម៉ែត្រ បណ្ដោយជិត ២០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ផ្ទះនេះដែរ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកពីរ៕