(កោះកុង)៖ លោក អន សុធារិទ្ធ អភិបារងខេត្តកោះកុង បានជំរុញឱ្យមន្ត្រីនៅតាមក្រុង ស្រុកទូទាំងខេត្ត ត្រូវគ្រប់គ្រងសំរាមឱ្យបានល្អ ដើម្បីលើកស្ទួយសោភ័ណភាពបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា នៃខេត្តកោះកុង។

ការជំរុញបែបនេះរបស់លោក អន សុធារិទ្ធ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ៣០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន» ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកោះកុង។

លោក អន សុធារិទ្ធ បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញគាំទ្រការ រៀបចំផែនការសកម្មភាព និងថវិការបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាដល់ការអនុវត្ត មុខងារគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរក្នុងការដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងសាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថានដែលតែងតែអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងតាមទីតាំងសំខាន់ៗ ដូចជាតំបន់ទេសចរណ៍ជាដើម។

លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីឆ្លើយតបឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍គ្រប់វិស័យ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យមានភាពល្បីល្បាយនៅលើឆាអន្តរជាតិ។ ដើម្បីឆ្លើយតបនឹងគោលនយោបាយឈ្នះ-ឈ្នះ អាជ្ញាធរថ្នាក់ក្រោមជាតិនៅតាមបណ្តាខេត្តស្រុកតាមមូលដ្ឋាន ត្រូវខិតខំក្នុងការប្រែក្លាយខេត្តកោះកុងឱ្យទៅជា គោលដៅតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយក្នុងប្រទេសកម្ពុជា ដោយគ្មានសំរាម និងគ្មានការបំពុល រដ្ឋបាលខេត្ត សូមស្នើដាក់ចេញទិសដៅជូនមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចូលរួម
លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថានតាមរយៈការអប់រំ និងធ្វើការផ្សព្វផ្សាយអំពី ការទុកដាក់ ការសម្អាត ការញែក ការកាត់បន្ថយ ការបង្កើតការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងអំពីការចូលរួមប្រើប្រាស់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងតាមទីសាធារណៈ រួមនឹងលំនៅដ្ឋានក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានផាសុខភាព។

លោក អន សុធារិទ្ធ បានឱ្យដឹងថា ការចូលរួមរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់យោបល់បច្ចេកទេសលើសំណើ ឬគម្រោងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងធ្វើការ ត្រួតពិនិត្យ និងវាយតម្លៃការងារបរិស្ថានពាក់ព័ន្ធនឹងដំណើរការសេវាគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងសកម្មភាពកែច្នៃសំរាម សំណល់រឹងប្រជុំជន ទីសាធារណៈ។

លោកអភិបាលរងបានបន្ថែមថា អាជ្ញាធរគ្រប់មូលដ្ឋានរយ្រូវបង្កើតការគ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងណែនាំដល់ប្រជាពលរដ្ឋអំពីការសម្អាតអនាម័យបរិស្ថាន និងការប្រើប្រាស់សេវាសម្អាត ប្រមូលដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនដែលបានរៀបចំនៅក្នុងមូលដ្ឋាន អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយសុវត្ថិភាពបរិស្ថានអំពីកម្មវិធី កាត់បន្ថយការបង្កើតការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពីការលើកកម្ពស់ការប្រើប្រាស់ផលិតផល ដែលបានមកពីការកែច្នៃសំរាម សំណល់រឹងទីប្រជុំជន។

លោកបានបញ្ជាក់ថា ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ឱ្យភាពរីកចម្រើនក្នុងការទាក់ទាញទេសចរចូលមកកម្សាន្តឱ្យមានកំណើនខ្ពស់លុះត្រាតែបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យមានសោភ័ណភាពនៅតាមទីសាធារណៈ និងនៅតាមរម្មណីដ្ឋាននីមួយៗឱ្យមានសោភ័ណភាពឱ្យគ្រប់ៗគ្នា៕