(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅទីបញ្ជាការ វរសេនាតូច ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ កងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរ ឧត្តមសេនីយត្រី សឹង្ហ ទុំ បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ក៏ដូចជាគ្រួសារយោធិនជួបការលំបាក និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗឲ្យកាន់តែល្អប្រសើរ។

ក្រៅពីនោះត្រូវបន្តតាមដានយកចិត្តទុកដាក់ ពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ទាំងកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវការជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗបាន ទាន់ពេលវេលា និងរាយការណ៍តាមឋាននុក្រម ចុះជួយភ្លាមៗ មិនថាយប់ ឬថ្ងៃធានាបាននូវការជួយសង្គ្រោះបានទាន់ពេលវលា និងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងអង្គភាព និងសហគមន៍៕