(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានចាកចេញពីកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នេះ ដើម្បីជួបជាមួយលោកប្រធាន សម រង្ស៊ី នៅប្រទេសហ្វីលីពីន ហើយបន្ទាប់ពីជំនួបនោះ គណបក្សប្រឆាំងនេះ នឹងកោះប្រជុំជាបន្ទាន់មួយ នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន។ នេះបើតាម លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

ការចាកចេញជួបពិភាក្សានៅហ្វីលីពីនពេលនេះ គឺដឹកនាំដោយលោក ប៉ុល ហំម និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដោយមិនមានវត្តមានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានបញ្ហាជាមួយផ្លូវច្បាប់ ស្នាក់នៅតែក្នុងស្នាក់ការបក្សប៉ុណ្ណោះ។

អ្នកវិភាគមួយចំនួនបានលើកឡើងជាសំណួរថា «តើការចេញទៅពិភាក្សារឿងសំខាន់ៗបែបនេះ ជាមួយលោក សម រង្ស៊ី អាចមានចេតនាអ្វីមួយលាក់បាំងលោក កឹម សុខា ដែលកំពុងសំងំខ្លួន នៅក្នុងទីស្នាក់ការគណបក្ស ?»

សូមជំរាបថា ក្នុងសន្និសីទប្រចាំថ្ងៃ នាទីស្នាក់ការ CNRP លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា «គណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម លោកជំទាវ មូ សុខហួរ ឯកឧត្តម អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក អ៊ូ ច័ន្ទឫទ្ធិ ដែលចេញដំណើរពីភ្នំពេញ នៅថ្ងៃទី២៨ (មិថុនា) ទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយឯកឧត្តម សម រង្ស៊ី ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី៣០ ដូច្នេះពេលត្រឡប់មកវិញ CNRP មានគម្រោងប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ នៅថ្ងៃទី១ ខែកក្កដា វេលាម៉ោង១៖០០រសៀល»

ការលើកគ្នាទៅជួបលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន របស់គណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងស្របពេលដែល គម្រោងស្នើសុំ ជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា មិនទាន់មានការឆ្លើយតប ក៏ដូចជាប្រធានស្តីទី លោក កឹម សុខា កំពុងរងនូវការអនុវត្តវិធានការ ជាបន្តបន្ទាប់ពីតុលាការ ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានផងដែរថា នឹងមិនធ្វើការចរចាជាមួយគណបក្សសង្រ្គោះជាតិឡើយ បើនិយាយអំពីតុលាការ៕