(ភ្នំពេញ)៖​ បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​​លោក​មេធាវី​ ពេជ​ រតនា​ ដាក់​​ពន្ធនាគារ​ជិត​មួយ​ខែ​មក​ហើយ​ រហូត​មក​ទល់​ពេល​នេះ​ ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​សំណុំរឿង​នេះ​ ពុំ​ទាន់​សម្រេច​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ នៅ​ក្រៅ​ឃុំ​នៅ​ឡើយទេ​។ មេធាវី​មួយ​រូប​បញ្ជាក់​ថា​ ក្រុម​មេធាវី​កំពុង​សិក្សា​សំណុំរឿង​នៅ​ឡើយ​។

លោក​មេធាវី​ ពេជ​ រតនា​ អត្តលេខ​៣៤៦​ ជា​សមាជិក​គណៈ​មេធាវី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​លោក​ លី​ លិបម៉េង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពី​ព្រលប់​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ ​ចំពោះ​ចៅក្រម​ តាម​មាត្រា​៥១៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​ល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។ ​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​មេធាវី​ សាំង​ វណ្ណៈ មេធាវី​មួយ​រូប​ការ​ពារ​ក្តី​លោក​ ពេជ​ រតនា​ បាន​ឲ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ថា​ រហូត​មក​ទល់​ពេល​នេះ​ ក្រុម​មេធាវី​កំពុង​សិក្សា​សំណុំរឿង​នៅ​ឡើយ​ ពោល​គឺ​ពុំ​ទាន់​បាន​ដាក់​ពាក្យ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​លោក​មេធាវី​ ពេជ​ រតនា​ នៅ​ឡើយទេ​។ លោក​មេធាវី​ បញ្ជាក់​ថា​ ចៅ​ក្រម​ស៊ើប​សួរ​ កំពុង​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​​ចាត់​មេធាវី​ចំនួន៦​រូប ដើម្បី​ជួយ​ការពារ​ផ្នែក​ច្បាប់​ជូន​លោក ពេជ រតនា ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឃាត់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

​មេធាវី​ទាំង ៦​រូប ដែល​​ជួយ​ការពារ​ក្ដី​ឱ្យ​មេធាវី ពេជ រតនា រួម​មាន លោក សាំង វណ្ណៈ លោក អ៊ីវ ប៉ូលី លោក ជូ ចាន់ធីរ៉ា លោក លីវ​ សុវណ្ណា​ អ្នកស្រី សៅ កញ្ញា និង​លោក ឈី សម្បត្តិ។ មេធាវី​ទាំង ៦​រូប​នេះ សុទ្ធសឹងតែ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

មេធាវី ពេជ រតនា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នាំ​ខ្លួន​ទៅ​សាកសួរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ បន្ទាប់​ពី​សាកសួរ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បាន​សម្រេច​ឃាត់​ខ្លួន​លោក​នៅ​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ដដែល​នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​រយៈពេល៤៨​ម៉ោង​។

លោក ពេជ រតនា គឺ​ជា​មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ និង​សហការី ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោក​បាន​ចូល​បម្រើការ​ជា​មេធាវី​ ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០០៦៕