(បាងកក)៖ ក្រុមរុករករបស់ប្រទេសថៃ បានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នោះហើយ ស្ថិតខេត្តភាគអាគ្នេយ៍ ដោយមនុស្សជិះនៅលើនោះទាំងអស់ បីនាក់ក៏បានបាត់បង់ជីវិតដែរ។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

កាសែត Thairath បានចេញផ្សាយថា ក្រុមរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ នៅម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃអង្គារ នេះម៉ោងនៅទីក្រុងបាងកក ស្ថិតនៅតំបន់ជួរភ្នំ Khao Chamao ចន្លោះខេត្ត រ៉ាក់យ៉ង និង ចន្ទបុរី ភាគអាគ្នេយ៍ប្រទេសថៃ។ កងកម្លាំងពេលនេះ កំពុងតែព្យាយាមប្រមូលយកសាកសពមនុស្សទាំងបីនាក់ ចេញពីកន្លែង កើតហេតុ ដែលឧទ្ធម្ភាគចក្រនេះ ទំនងជាបានធ្លាក់ដោយសារតែ ជួបព្យុះភ្ញៀងកាលពីចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើនេះ បានធ្លាក់ពេលកំពុងធ្វើដំណើរទៅ ជួយកសាងស្ថានីយ៍រ៉ាដា ឲ្យកងទ័ពអាកាស៕