(អឺរ៉ុប)៖ ប្រធានគណកម្មការសហភាពអឺរ៉ុបដែលមានតួនាទីកំពូលលើសគេ លោក Jean-Claude Juncker បានប្រាប់ ចក្រភពអង់គ្លេសឲ្យធ្វើការបញ្ជាក់ពីជំហររបស់ខ្លួន ឲ្យបានច្បាស់លាស់ និងឆាប់រហ័សបំផុត ក្នុងការចាកចេញពី សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦។

ការលើកឡើងរបស់មេដឹកនាំស្ថាប័នកំពូលនៃសហភាពអឺរ៉ុបខាងលើនេះ ក៏ព្រោះតែចាប់តាំងពីចុងសប្តាហ៍មុន ក្រោយ ការបោះឆ្នោតប្រជាមតិបង្ហាញថាប្រជាជនចក្រភពអង់គ្លេស ភាគច្រើនចង់ចាកចេញពីសហភាពអឺរ៉ុបនោះ ចក្រភពនេះ នៅមិនទាន់មានការបង្ហាញពីគំរោង ឬការចរចាជាផ្លូវការណាមួយ ឲ្យបានទាន់ពេលវេលា ចំពោះដំណើរការចាកចេញ តបតាមការទាមទាររបស់មេដឹកនាំអឺរ៉ុបនានានោះឡើយ តែបែរជាផ្តោតសំខាន់លើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ដែលជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៅវិញ។

លោក Jean-Claude Juncker បានប្រាប់សភាសហភាពអឺរ៉ុបថា ចក្រភពអង់គ្លេសទាំងមូល នឹងនៅតែជាមិត្តភក្តិ ជាមួយសហភាពនេះជានិច្ច ប៉ុន្តែចក្រភពនេះត្រូវបានបញ្ជាក់ពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់បំផុត ដើម្បីចៀស វាងភាពមិនច្បាស់លាស់។

គួរបញ្ជាក់ថាលោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបជាមួយមេដឹកនាំអឺរ៉ុបនានាជាលើកចុងក្រោយ នាល្ងាចថ្ងៃ​អង្គារនេះ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សាពីស្ថានការណ៍ទូទៅ និងទំនងជារឿងដំណើរការចាកចេញពីសហភាពនោះឯង៕