(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសបន្ថែមឃ្លាមួយថ្មីទៀតពីក្រោយឃ្លា «កម្ពុជា ព្រះរាជាណាចក្រកម្ពុជា» ដើម្បីបង្ហាញដល់ភ្ញៀវបរទេស នោះគឺឃ្លាថ្មី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ គ្រប់គ្នា ដែលមានបំណងចង់មកទស្សនាប្រទេសកម្ពុជា និងបង្ហាញពីការផ្ដល់នូវសេចក្ដីទុកចិត្តដល់ពួកគេ។

ក្នុងពិធីជបលៀងស្វាគមន៍ ចំពោះភ្ញៀវទេសចរចិន ជាង៣០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការចូលរួមរបស់លោកស្រី BU. Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្មីៗនេះ លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងឱ្យដឹងថា «ដើម្បីបង្ហាញពីការផ្ដល់នូវសេចក្ដីទុកចិត្តរបស់ភ្ញៀវ ក្រសួងទេសចរណ៍ បានដាក់ចេញនូវឃ្លាបន្ថែមថ្មីមួយ គឺកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ ដើម្បីឱ្យសក្តិសម ទៅនឹងកិត្តិនាមរបស់កម្ពុជា ដែលបានទទួលការគាំទ្រ និងវាយតម្លៃចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់អង្គការអន្តរជាតិនានា»

លោករដ្ឋមន្រ្តីបានសម្ដែងនូវការទទួលសា្វគមន៍ ចំពោះភ្ញៀវទេសចរចិន យ៉ាងឱឡារិក និងមានបំណងចង់ឱ្យភ្ញៀវទេសចរចិន មកទស្សនាកម្សាន្តនៅកម្ពុជា ឱ្យកាន់ច្រើនបន្ថែមទៀត ព្រមទាំងថ្លែងប្រាប់ភ្ញៀវទេសចរចិនពីការផ្ដល់ទំនុកចិត្ត យ៉ាងមុតមាំថា ក្រសួងទេសចរណ៍ បានរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរចិន សម្រាប់ឆ្នាំ២០២០ ឱ្យបាន២លាននាក់ និងដាក់ចេញនូវសៀវភៅសស្តីពី «China Ready» សម្រាប់ទេសចរណ៍កម្ពុជា ក្នុងគោលបំណងជម្រុញការបណ្តុះបណ្តាលជំនាញភាសាចិន, ប្រើប្រាស់ស្លាកសញ្ញាជាភាសាចិន នៅតាមអាកាសយានដ្ឋានអន្តរជាតិ, សម្រួលទិដ្ឋាការមកកាន់កម្ពុជា រវាងកម្ពុជា-ចិន, ដាក់ចេញប្រព័ន្ធវាយតម្លៃបញ្ជាក់គុណភាព (China Ready Accreditation System), ការលើកទឹកចិត្តឲ្យមានការទូទាត់តាម China Union Pay (CUP) និងប្រើប្រាស់រូបីយបណ្ណយ័ន (Yuan) សម្រាប់ប្រតិបត្តិការទូទាត់ចំណាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាដើម។

សូមជម្រាបថា ការរៀបចំពិធីជបលៀងរបស់ក្រសួងទេសចរណ៍ ជាមួយភ្ញៀវទេសចរចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ គឺដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងការប្រែក្លាយវិស័យទេសចរណ៍កម្ពុជា ជាវិស័យមួយប្រកបដោយភាពកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន សម្រាប់វិស័យទេសចរកម្ពុជា ប្រកបដោយភាពជោគជ័យ៕