(ភ្នំពេញ)៖ បច្ចុប្បន្នដោយមានបញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ និងមានការស្នើសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរនោះ លោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានធ្វើការជួបពិភាក្សា និងសន្យាជួយដោះសារស្រាយ រាល់បញ្ហាស្រូវអង្ករដែលកើតមាន នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះ។

ការជួបពិភាក្សាគ្នារវាងភាគីទាំង២ អស់រយៈពេល២ម៉ោង បានរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ក្នុងជំនួបរវាងក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន បានបើកឱកាសយ៉ាងទូលាយ ដល់សហព័ន្ធស្រូវអង្ករ រាយការណ៍យ៉ាលម្អិត ពីបញ្ហាប្រឈមនីមួយៗ ហើយក៏បានផ្ដល់ការបកស្រាយ យ៉ាងលម្អិតពីថ្នាក់ដឹកនាំអគ្គនាយកគយ និងរដ្ឋករ អគ្គនាយកពន្ធដារ និងធនាគារអភិវឌ្ឍន៍ជនបទ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា ក្រោយការពិភាក្សារយ៉ាងលម្អិត ប្រកបដោយការយកចិត្តទុកដាក់ ភាគីទាំង២បានសម្រេចលទ្ធផលមួយចំនួន៖

- ក្រសួងបានបញ្ជាក់ថា ពន្ធកាត់ទុក១% ដែលបានអនុវត្តតាមប្រកាសចេញក្នុងឆ្នាំ២០១១ នឹងមានសុពលភាពរហូតដល់៩ឆ្នាំ។ ដូចនេះសហព័ន្ធស្រូវអង្ករ មិនត្រូវព្រួយបារម្ភចំពោះរឿងនេះ នាពេលនេះទេ។

- ចំពោះពន្ធកាត់ទុក១៥% នៃការជួលកម្លាំងពលកម្មខាងក្រៅ ត្រូវជំរុញឲ្យមន្ត្រីពន្ធដារសិក្សាឡើងវិញ ដើម្បីរកលទ្ធភាពលើកលែងទាំងស្រុង ដើម្បីលើកទឹកចិត្តកម្មករ ឲ្យធ្វើការងារក្នុងស្រុក។

- ចំពោះកញ្ចប់ថវិកាពិសេស២០ ទៅ៣០លានដុល្លារ ដែលសហព័ន្ធធ្លាប់ស្នើ ដើម្បីឆ្លើយតបតាមតម្រូវការបន្ទាន់ នៅរដូវប្រមូលផលខាងមុខនេះ លោកទេសរដ្ឋមន្ត្រីសន្យា ជួយដោះស្រាយបន្ទាន់ក្នុងឆ្នាំនេះ ដោយជំរុញឲ្យសហព័ន្ធស្រូវអង្ករ ធ្វើផែនការលម្អិត ដើម្បីជជែកជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ។

សម្រាប់ធានាដល់ការសងត្រឡប់ នូវកញ្ចប់ថវិកាទាំងនោះ។ ការអនុវត្តបានរបៀបនេះ គឺដើម្បីធានាដល់ការបង្វិលសាច់ប្រាក់របស់រដ្ឋ ព្រោះថវិកាទាំងនេះជាកញ្ចប់ថវិការបស់រដ្ឋ។
សហព័ន្ធស្រូវអង្ករកម្ពុជាសន្យា ធ្វើការងារនេះដោយលម្អិតជាមួយ ស្ថាប័នជំនាញរបស់រដ្ឋ ដើម្បីបញ្ជាក់ពីគោលដៅប្រើប្រាស់ប្រាក់កម្ចី ឲ្យបានច្បាស់លាស់។ យន្តការធានាប្រាក់កម្ចីនឹងត្រូវធ្វើឡើង រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នជំនាញរបស់រដ្ឋ។

- ពាក់ព័ន្ធការបន្តឹងកំចី របស់ធនាគារពាណិជ្ជដល់វិស័យស្រូវអង្ករ។ ដើម្បីបន្ធូរការបន្តឹងនេះ លោកទេសរដ្ឋមន្ត្រី នឹងលើកករណីនេះ ទៅគណ:កម្មាធិការឥណទានជនបទ។ ជាមួយគ្នា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក គឹម សាវុធ បានរាយការណ៍ថា ការផ្តល់ប្រាក់កម្ចីពីធនាគារពាណិជ្ជ ក្នុងដំណាក់កាលដំបូង គឺអាចមានការគ្រប់គ្រងមិនច្បាស់លាស់ ហើយអ្នកប្រើប្រាស់កម្ចី អាចប្រើខុសទិសដៅ ដូចជាការយកទៅប្រើប្រាស់ ក្នុងរោងម៉ាស៊ីន តែគាត់យកទៅទិញដី ពង្រីករោងម៉ាស៊ីន តែអត់បានទុកលុយ ដើម្បីទិញស្រូវកែច្នៃដើម្បីជាទុកបង្វិល។

- ចំពោះបញ្ហាក្តៅគគុក គឺការលូចនាំចូលអង្ករពីប្រទេសវៀតណាម៖ ក្រសួងនឹងបន្តឹងការនាំចូលតាមច្រករបៀងបន្ថែមទៀត។ ក្រសួងត្រូវការបង្កើន ប្រាក់ចំណូលពន្ធគយ ក្រសួងមិនអាចបិទការនាំចូលបាននោះទេ តែក្រសួងបានបង្កើនប្រាក់ពន្ធអប្បបរមា ពី៣០០ ទៅ៦០០ដុល្លារក្នុងមួយតោន តាមប្រភេទអង្ករស និងអង្ករក្រអូប។

លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយក្រសួងដទៃទៀត មានក្រសួងពាណិជ្ជកម្មជាដើម ពាក់ព័ន្ធការដាក់ស្លាកសញ្ញាលើសំបកបាវ និងអាសយដ្ឋានជាក់លាក់ មុនអនុញ្ញាតឲ្យនាំចូលជាដើម៕