(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បាននាំយកនូវវិភាគទានសប្បុរធម៌ចំនួន ៥០.០០០ដុល្លារអាមេរិក របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនអាជ្ញាធរមីន ដើម្បីចូលរួមគាំទ្រដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលថវិកានេះ ទទួលបានពីការចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទី៦» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចពិជ័យសេនា ដែលបាននាំយកនូវថវិការបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការចូលរួមដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយវិភាគទាននេះ នឹងអាចចូលរួមផ្តល់នៅភាពកក់ក្តៅជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក៏ដូចជាជួយផ្សព្វផ្សាយ និងជម្រុញវិស័យទេសចរណ៍កម្ពុជា ឲ្យមានភាពកាន់តែទាក់ទាញ និងប្រកបដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា កម្ពុជាអាចយកឈ្នះសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងអាចឈានទៅប្រកាសកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕