(ភ្នំពេញ)៖ ប្រតិភូទេសចរណ៍ចិនមួយក្រុម មកពីទីក្រុងស៉ីអាន (Xi’an) ខេត្តស្សានស៉ី (Shaanxi) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៦ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីវិស័យទេសចរណ៍កម្ពុជា និងរៀបចំផែនការទាក់ទាញទេសចរចិន មកទស្សនាកម្ពុជាឡើងវិញ ក្រោយខកខានអស់ពេលជាង ៣ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩។

ក្នុងពេលទទួលស្វាគមន៍ប្រតិភូទេសចរណ៍ចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ ឬ Familiarization Trip នេះ គឺដើម្បីសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើនទំនាក់ទំនងដៃគូជាមួយផ្នែកឯកជន ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចលក់នៅលើទីផ្សារទេសចរចិន។

លោក ប្រាក់ វុទ្ធី បានបន្តថា ប្រតិភូចិនមកពីទីក្រុងស៉ីអាននេះដែរ ដឹកនាំដោយលោក យ៉ាង ប៉ (Yang Bo) ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៉ីអាន រួមជាមួយក្រុមការងារ៧នាក់ទៀត សរុប៨នាក់ ដែលមានទាំងតំណាងក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនវិនិយោគ ធុរកិច្ច ក៏ដូចជាតំណាងស្ថាប័នរដ្ឋផងដែរ។

ទស្សនកិច្ច Familiarization Trip នេះដែរ ក៏ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងដើម្បីជំរុញការផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រឹត្តិការណ៍អង្គសង្ក្រាន្តលើកទី១០ កម្ពុជាជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក៏ដូចជាជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក យ៉ាង ប៉ ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៉ីអាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទស្សនកិច្ចរបស់ប្រតិភូលោកមកកាន់កម្ពុជានេះ គឺផ្ដោតលើការសិក្សាស្វែងយល់ពីគោលដៅទេសចរណ៍ សក្ដានុពលទេសចរណ៍ និងផលិតផលទេសចរណ៍នានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅទីផ្សារទេសចរប្រទេសចិន ពិសេសនៅទីក្រុងស៉ីអាន។

លោកថា «ក្រុមហ៊ុនទេសចរណ៍នៅទីនោះនឹងដកស្រង់ព័ត៌មាននៅកម្ពុជានេះ យកទៅរៀបចំផែនការក្នុងការលក់កញ្ចប់ទស្សនកិច្ច ជូនភ្ញៀវទេសចរមកទស្សនាកម្ពុជានាពេលខាងមុខ ក្រោយខកខានអស់ពេលជាង៣ឆ្នាំ ដោយសារវិបត្តជំងឺកូវីដ១៩»

ចំពោះខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន លោក យ៉ាង ប៉ ក៏បានបញ្ជាក់ថា កម្ពុជានិងចិន គឺមានមិត្តភាពជាមួយគ្នាយ៉ាងជិតស្និទ្ធ ពិសេសប្រជាជន និងទេសចរ ហើយលោកក្នុងនាមក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៉ីអាន នឹងជួយផ្សព្វផ្សាយទាកទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

លោកថ្លែងថា «កាលពីមុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិនមកកម្ពុជា ២លាននាក់ វានៅតែជាចំនួនតិច ដូច្នេះយើងចង់ជំរុញភ្ញៀវទេសចរចិនមកទីនេះឱ្យបានច្រើនជាងនោះ»

ប្រតិភូខាងលើទទួលបានការឧបត្ថម្ភលើការស្នាក់នៅពីសណ្ឋាគារ Dara Hotel សម្រាប់ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោក ប្រាក់ វុទ្ធី បង្ហាញក្ដីរំពឹងថា «តាមរយៈដំណើរទស្សនកិច្ច Familiarization Trip កម្ពុជារំពឹងថានឹងទទួលបានកំណើនភ្ញៀវទេសចរចិន និងវិនិយោគិនចិនកាន់តែច្រើនឡើងវិញនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត»

សូមជម្រាបថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់មកពីប៉េកាំង-ភ្នំពេញចុះចតនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ជាលើកដំបូង និងកាលពីថ្ងៃទី២៧ ខែមករា មានជើងហោះហើរត្រង់មកពីគួនមីង-ព្រះសីហនុ ដែរមានភ្ញៀវទេសចរចិនជាង១០០នាក់ដែរ៕