(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញ នៅក្នុងផ្សារមង្គលបូរី តែមន្រ្ដីជំនាញរកមិនឃើញទំនិញខូចគុណភាពនោះទេ ពោលគឺដោយសារអាជីវករ និងប្រជាពលរដ្ឋមានការ យល់ដឹងខ្ពស់ពីគុណភាពទំនិញ និងសុខភាព។

 លោក ហុង លាង អនុប្រធានទទួលបន្ទុកស្ថិតិ និងទីផ្សារ បានឲ្យដឹងថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខា កាំកុងត្រូល ដូច្នេះលោកបានដឹកនាំមន្ដ្រីមន្ត្រីជំនាញ សហការជាមួយកម្លាំងនគរបាលមូកដ្ឋាន ធ្វើការត្រួតពិនិត្យ ទំនិញទាំងអស់នៅក្នុង ផ្សារមង្គលបូរី ជាលទ្ធផលមន្ដ្រីជំនាញមិនបានរកឃើញ ទំនិញដែលខូចគុណភាពនោះទេ ព្រោះថាបច្ចុប្បន្ននេះអាជីវករមានការ យល់ដឹងខ្ពស់ ពីផលប៉ះពាល់នៃការប្រើប្រាស់ ទំនិញខូចគុណភាព។

លោក ហុង លាង បន្ដថា បន្ទាប់ពីធ្វើការត្រួតពិនិត្យទំនិញក្នុងផ្សាររួចមក លោកបានដឹកនាំមន្រ្ដីទាំងអស់ ទៅធ្វើការផ្សព្វផ្សាយដល់ សិស្សានុសិស្ស នៃវិទ្យាល័យមង្គលបូរី ផងដែរ ឲ្យមានការយល់ពីដឹងពីបញ្ហាសុខភាព និងមិនត្រូវទិញទំនិញដែលហួសកាលបរិច្ឆេទ មកទទួលទានឲ្យសោះ ដែលវានាំឲ្យខូចសុខភាព ព្រមទាំងខាតបង់ថវិកា ក្នុងការព្យាបាលជម្ងឺ៕