(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តណែនាំដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សានៅទូទាំងរាជធានីខេត្ត បន្តជួយផ្សព្វផ្សាយ និងជំរុញឱ្យសិស្សានុសិស្សដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរ បានចូលរួមគូរគំនូរ នៅក្នុងព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារគាំទយុទ្ធនាការ "Beyond The Games” ក្រោមមូលបទ "បេះដូងលោតក្នុងចង្វាក់តែមួយ” ។

លោកស្រី គឹម សេដ្ឋានី បានថ្លែងជំរុញយ៉ាងដូចនេះនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងគណៈនាយកនៃគ្រឹះស្ថានបឋមសិក្សា ស្តីពីព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារគាំទយុទ្ធនាការBeyond The Games ក្រោមមូលបទ៖ បេះដូងលោតក្នុងចង្វាក់តែមួយ។

ជាមួយគ្នានោះ លោកស្រី គឹម សេដ្ឋានី ក៏បានជំរុញឱ្យគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សា រៀបចំទីតាំងថ្នាក់រៀន ឬបន្ទប់បណ្ណាល័យសមស្របដែលសិស្សានុសិស្សអាចអង្គុយគូរគំនូរ និងផ្តល់លទ្ធភាព និងមធ្យោបាយតាមលទ្ធភាពជាក់ស្តែង ជូនដល់សិស្សានុសិស្សដែលត្រូវការចាំបាច់។ សហការប្រមូលកិច្ចការគំនូរ និងជ្រើសរើសគំនូរដែលសមស្របតាមអត្ថន័យ និងខ្លឹមសារនៃប្រធានបទទាំង៣ របស់ព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ ចំនួន៣ ឬ៥ផ្ទាំង ក្នុងប្រធានបទនីមួយៗ ឬតាមការចាំបាច់ ដើម្បីប្រគល់ជូនការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមកាលបរិច្ឆេទកំណត់ និងពិនិត្យលទ្ធភាពជាក់ស្តែង ក្នុងការផ្តល់លិខិតសរសើរ ឬរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារផងដែរ។

បន្ថែមពីនេះលោកស្រី គឹម សេដ្ឋានី ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ តាមថ្នាក់រៀន ត្រូវជួយពន្យល់ពីអត្ថន័យនៃប្រធានបទនីមួយៗ បណ្តុះផ្នត់គំនិត និងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឱ្យបានទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។

លោកគ្រូ អ្នកគ្រូ ត្រូវជួយណែនាំបន្ថែមដល់សិស្សានុសិស្សនូវចំណុចសំខាន់នៃពាក្យថា «លើសពីការប្រកួតកីឡា» គឺលើសពីការដណ្តើមយកចាញ់-ឈ្នះ ក្នុងទីលានប្រកួតកីឡា ប៉ុន្តែសិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមក្នុងស្មារតី «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះជាតិនិងមាតុភូមិ។ រៀបចំពេលវេលាដើម្បីឱ្យសិស្សអាចគូររូបនេះនៅក្នុងថ្នាក់រៀន ហើយបំផុសសិស្សានុសិស្សឱ្យបន្តគូររូបនេះនៅផ្ទះរៀងៗខ្លួន ដោយមានការជួយកែលម្អ និងផ្តល់គំនិតបន្ថែមពីមាតាបិតានិងអាណាព្យាបាល ហើយជាពិសេសនោះត្រូវលើកទឹកចិត្តឱ្យមាតាបិតានិងអាណាព្យាបាល ជួយផ្សព្វផ្សាយសកម្មភាពគូររូប របស់កុមារ នៅលើបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់លទ្ធភាព។

លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់ដែរថា យុទ្ធនាការ “Beyond the Games” ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ នេះគឺចង់បង្ហាញថា ទោះបីមនុស្សម្នាក់ៗ មានទស្សន និងការយល់ឃើញគំនិត ឫការពិចារណាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែចំណុចរួមមួយនៃភាពខុសគ្នាទាំងនោះ គឺក្តីស្រលាញ់ចំពោះជាតិមាតុភូមិ។ ការរួមគំនិតគ្នា ពីសំណាក់ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងពេលមានការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជាកាយវិការមួយដ៏វិសេសវិសាល ដោយក្រៅពីការបង្ហាញការលើកទឹកចិត្តដល់កីឡាករ ក៏បានបង្ហាញពីសាមគ្គីភាពរវាងខ្មែរ ក្នុងគៅលដៅមួយចង់ឱ្យកម្ពុជាមានកិត្តិយសផងដែរ៕