(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងបរិស្ថាន របស់កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លើទឹកដីនៃខេត្តសៀមរាប។ វេទិការនេះ សហការរៀបចំដោយក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ (UNCRD) វេទិកាតំបន់ដ៏មានសារៈសំខាន់នេះនឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាងប្រទេសចំនួន ៣៥។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលប់ថ្ងៃទី០៧ ខែកុម្ភៈថា នេះជាលើកទី១ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ការរៀបចំនូវវេទិកានេះ គឺស្របតាមសំណើរបស់ប្រទេសជប៉ុន នាឆ្នាំ២០០៩ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្តួចផ្តើមឡើងសម្រាប់ជាវេទិកាមួយ ធ្វើកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើការលើកកម្ពស់គោលការណ៍ 3R គឺ R ទី១ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក, R ទី២ គឺការប្រើប្រាស់ឡើងវិញ និង R ទី៣ គឺការកែច្នៃឡើងវិញនូវឡើងវិញផ្លាស្ទិកឡើងវិញនៅតំបន់អាស៉ី៕