(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ផលប៉ះពាល់ និងការខូចខាត ដោយសារគ្រោះមហន្តរាយឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ និងការស្តារឡើងវិញ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ហង្ស សាមឿន អនុប្រធានទី២ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាតំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក សឿង សុគង្គ អនុរដ្ឋលេខាធិការ ក្រសួងសាធារការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គូសបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២ ភូមិសាស្ត្រមួយចំនួននៅខេត្តចំនួន១៨ បានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលមានផ្លូវជាតិ និងផ្លូវខេត្តចំនួនសរុប ១៩១ខ្សែ ត្រូវជា ៣៨០កំណាត់ មានប្រវែងសរុប ៥០២,៦៤គីឡូម៉ែត្រ និងខូចខាតស្ពានចំនួន ០២កន្លែង។

គោលបំណងសម្របសម្រួលរបាយការណ៍ស្តីពី សកម្មភាពការងារទាក់ទងនឹងការកាត់បន្ថយហានិភ័យគ្រោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រចាំឆ្នាំ២០២២កន្លងទៅ បាននឹងកំពុងអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៩-២០២៣ និងណែនាំដល់នាយកដ្ឋានថ្នាក់កណ្ដាល និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ដែលជាអង្គភាពអនុវត្តគម្រោងថែទាំ ជួសជុល ស្ថាបនា និងស្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យយកចិត្តទុកដាក់លើការលើកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

នាឱកាសនោះដែរ លោក ហង្ស សាមឿន បានថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ជាអនុប្រធានទី១ ជាស្ថាប័នមួយ ជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីត្រៀម និងឆ្លើយតបឱ្យទាន់ពេលវេលាពេលដែលមានគ្រោះមហន្តរាយកើតឡើងដោយជាយថាហេតុបង្កដោយធម្មជាតិ និងបង្កឡើងដោយមនុស្ស។

លោក ហង្ស សាមឿន បានបន្តថា សកម្មភាពទាំងនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ក៏បានកៀគរ សប្បុរជននានាក្នុងក្រៅប្រទេស និងអង្គការដៃអភិវឌ្ឍន៍មិនមែនរដ្ឋាភិបាលមកចូលរួមចំណែកលើការងារគម្រោងនានា និងជំនួយមនុស្សធម៌ កាកបាតក្រហមកម្ពុជា ដើម្បីគាំទ្រផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរហូតទៅដល់ថ្នាក់ក្រោមជាតិនៅមូលដ្ឋានសហគមន៍។

លោក ហង្ស សាមឿន បានសំណូមទៅដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូនជំរុញធ្វើយ៉ាងណាបន្តធ្វើរបាយការណ៍ជាប្រចាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមឆ្លើយតបទាន់ពេលវេលា ក៏ដូចជាសម្របសម្រួលជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្នុងចូលរួមការងារលើការងារគ្រោះមហន្តរាយនេះ៕