(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋសភាបានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖

- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា។ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ចំណែក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

-​ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលសេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក ៦៥មាត្រា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំណែក លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕