(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់ ដែលទើបត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់តាំងឱ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាននោះ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មាន របស់សារព័ត៌មានក្រៅស្រុក The Cambodia Daily ដែលប្រើប្រាស់ត្រឹមតែការសង្ស័យ ធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់ការលាងលុយ។

មន្ត្រីជាន់ក្រសួងព័ត៌មានរូបនេះបានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន មិនអនុញ្ញាតឲ្យយកការសង្ស័យ មកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតជាមុនសិន។

លោកបន្តថា កាលពីជំនាន់ ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ ដោយគ្រាន់តែសង្ស័យហើយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។

ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏បានអំពាវនាវដល់ស្ថាប័នព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ «ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន នោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ»

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានក្រៅស្រុក The Cambodia Daily បានផ្សព្វផ្សាយជាច្រើនលើក ចោទប្រកាន់គ្មានមូលដ្ឋាន លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រឿងមានទ្រព្យសម្បត្តិច្រើន ហើយលឿនជាងគេ មិនមែនបានមកពីការវិនិយោគលើវិស័យអចលនទ្រព្យទេ តែបានមកពីការលាងលុយទៅវិញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ធ្លាប់បានពន្យល់ផងដែរ អំពីប្រភពចំណូលរបស់លោក។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មាន រិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។

អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន.....? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី (1,800$ដល់12,000$) ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន? បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោម មកដើម្បីអោយពូតាំងសារ៉ាដាបានយល់...?»

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានពន្យល់ពីប្រភពដើមទុន ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម (គឺគេប្រើទំនុកចិត្តសំខាន់)។ ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ម្ចាស់គម្រោងក៏ទទួលបានផលចំណេញ។

តែយ៉ាណា អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ទៅកាន់លោក តាំង សារ៉ាដា ថា បើមិនយល់មកពីការរកស៊ី លោកឲ្យក្រុមកាងារបង្រៀនរកស៊ី។ តែដូចលោក [តាំង សារ៉ាដា] បែបនេះមើលទៅអ្នកឧកញ៉ាមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត។ ទន្ទឹមនឹងនេះដែល អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលអ្នកឧកញ៉ាសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) លោកមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នា។

បន្ថែមទៀតនោះ ទាក់ទងនឹងការចោទប្រកាន់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកឧកញ៉ា ពីសារព័ត៌មាន The Cambodia Daily ត្រូវបានអ្នកឧកញ៉ាពន្យល់ថា ជាការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាលោក ដើម្បីឲ្យមហាជនស្អប់លោកនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែលោកឈប់គាំទ្រមេលោក តាំង សារ៉ាដា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបន្ថែមថា៖ «ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ។ ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។ ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយកុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក»

សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់ ហើយក៏ជាក្រុមហ៊ុនតែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាង ២៥លានដុល្លារអាមេរិក ក្រោមដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕