(ប៉ារីស)៖ នាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចផ្លូវការរយះពេល ៣ថ្ងៃនៅសាធារណៈរដ្ឋបារាំង ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជាដែលដឹកនាំដោយ លោករដ្ឋមន្ត្រី ព្រុំ សុខា បានជួបពិភាក្សាការងារជាមួយ លោក ស្តានីសទ្បាស ហ្គេរីនី ( Stanislas Guerini ) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈនិងមុខងារសាធារណៈបារាំង ដោយមានការចូលរួមពីមន្ត្រីជាសហការីទាំងសងខាងមួយចំនួនទៀត។ ដោយទ្បែកលោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋបារាំង ក៏មានវត្តមានចូលរួមក្នុងឱកាសនោះផងដែរ។

កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់លើកិច្ចសហការដែលធ្លាប់អនុវត្តកន្លងមកដល់បច្ចុប្បន្នរវាងស្ថាប័នទាំងពីរ និងខិតខំរួមគ្នាស្វែងរកលទ្ធភាពថ្មីសំរាប់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត។

ជំនួបនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នាទីស្តីការក្រសួងកំណែទម្រង់សាធារណៈនិងមុខងារសាធារណៈបារាំង (Ministère de la transformation et de la fonction publiques) ដែលស្ថិតនៅលេខ ១០១ ផ្លូវ ហ្គ្រើណែល សង្កាត់ទី៧ ក្រុងប៉ារីស - 101 rue de Grenelle - 75007 Paris។

សូមបញ្ជាក់ថាកម្មវិធីថ្ងៃទីពីរ និងថ្ងៃបង្ហើយនៃទស្សនកិច្ច ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជានឹងបន្តជួបពិភាក្សាផ្លាស់ប្តូរពិសោធន៍ការងារជាមួយអង្គភាពជំនាញសំខាន់ៗមួយចំនួនរបស់ក្រសួងកំណែទម្រង់សាធារណៈនិងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធដទៃទៀតរបស់បារាំង មានជាអាទិ៍៖ អគ្គនាយកដ្ឋានរដ្ឋបាលនិងមុខងារសាធារណៈ ( Direction generale de l’administration et de la fonction publique - DGAFP ) វិទ្យាស្ថានជាតិសេវាសាធារណៈ ( Institut national du service public - INSP ) គណៈកម្មការអន្តរក្រសួងកំណែទម្រង់សាធារណៈ (Comité interministériel de la transformation publique – CITP) មជ្ឈមណ្ឌលជាតិសម្រាប់សេវាសាធារណៈដែនដី (Centre national de la fonction publique territoriale – CNFPT) និងនាយកដ្ឋានអន្តរក្រសួងសម្រាប់ការគ្រប់គ្រងរដ្ឋ (Délégation interministérielle à l’encadrement supérieur de l’Etat – DIESE)។ល។

ចុងបញ្ចប់នៃជំនួបការងាររយៈពេលជាងមួយម៉ោង ភាគីទាំងសងខាង តំណាងដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និងរដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈនិងមុខងារសាធារណៈបារាំង បានឯកភាពគ្នាយ៉ាងខ្ពស់និងសម្តែងការជឿជាក់ថា ផ្លែផ្កានៃទំនាក់ទំនងសហប្រតិបត្តិការនៃស្ថាប័នកំណែទម្រង់រដ្ឋបាលសាធារណៈនិងមុខងារសាធារណៈនៃប្រទេសទាំងពីរ ពិតជារួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពយូរអង្វែង រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា បារាំង៕