(សៀមរាប)៖ លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញនិងលើកទឹកចិត្តឱ្យមានការផលិតនូវផលិតផលពីបា្លស្ទិក ដែលប្រើវត្ថុធាតុដើមពីជីវៈប្លាស្ទិក ដែលធ្វើពីអង្ករ និងដំឡូងមី ដែលងាយនឹងរលាយនៅក្នុងបរិស្ថាន ដើម្បីសង្គ្រោះដល់បរិស្ថាន។

ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប លោក នេត្រ ភក្ក្រា បានលើកឡើងថា៖ «សម្រាប់នៅកម្ពុជា ក្នុង១ថ្ងៃ គឺផលិតសំរាមជាង ១ម៉ឺនតោន ហើយក្នុងនោះសំណល់ពី ៦០ ទៅ៦៥ភាគរយ គឺជាសំណល់សិរីរាង្គ ចំណែក២០ភាគរយ គឺជាសំណល់ប្លាស្ទិក និងប្រមាណ១០ភាគរយទៀត ជាសំណល់រឹង។ នេះជាចំណុចមួយដែលយើងជំរុញឱ្យមានការកែច្នៃឡើងវិញទៅលើសំណល់ប្លាស្ទិកនេះឯង រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យការផលិតនូវផលិតផលពីប្លាស្ទិក ក៏ប៉ុន្តែមានវត្ថុធាតុដើមចេញពីជីវៈប្លាស្ទិក ដូចជាធ្វើអំពីអង្ករ ធ្វើអំពីដំឡូងមី ដែលងាយនឹងរលាយក្នុងបរិស្ថាន ហើយវាមិនបង្កផលប៉ះពាល់»

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា បើសិនមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ប្លាស្ទិកនៅលើភពផែនដី នឹងកើនឡើងទៅ ដល់ ៣៤ពាន់លានតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ពោលគឺច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៅទៀត។

លោករដ្ឋលេខាធិការ បានបន្តថា សំណល់ប្លាស្ទិក បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងសេដ្ឋកិច្ច។ ប្លាស្ទិកបានប៉ះពាល់នៅពេលយើងដុតគឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញ គឺប៉ះពាល់ដល់គុណភាពទឹក និងនៅក្នុងដី គឺប៉ះពាល់ដល់គុណភាពដី។ ប្លាស្ទិកនៅក្នុងដីអាចរលាយ បានរហូតដល់មួយពាន់ឆ្នាំក៏មាន។

ជុំវិញចំណុចនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រហូតមកពេលនេះនៅកម្ពុជា មានសហគ្រាសផលិតបំពងបឺត កែវជ័រ ចានជ័រ ស្លាបព្រាជាដើម ដែលធ្វើពីជីវៈប្លាស្ទិកចេញពីអង្ករ ដែលកំពុងដំណើរការក្នុងខេត្តពោធិ៍សាត់។

បន្ថែមនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រដ្ឋាភិបាលក៏បានដាក់កម្រៃបន្ថែមទៅលើអ្នកប្រើប្រាស់ប្លាស្ទិក ដោយបានចាប់ផ្តើមនៅតាមទីផ្សារទំនើប ដោយក្នុងនោះប្រើប្រាស់ថង់ប្លាស្ទិកមួយមានតម្លៃ ៤០០រៀល។ លោកបានបន្ថែមថា ក្រសួងបរិស្ថាន ក៏បានជំរុញអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់ដែលកើតចេញពីសំណល់ប្លាស្ទិក។

សូមជម្រាបថា សំណល់ដែលត្រូវបង្កើតឡើងត្រឹម៦០ភាគរយប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ខណៈការដកហូតយកមកកែច្នៃឡើងវិញ មានចន្លោះពី១០ ទៅ១៥ភាគរយប៉ុណ្ណោះ។ សំរាមត្រូវបានកើនឡើងប្រមាណ ១៥ភាគរយជារៀងរាល់ឆ្នាំ ដែលក្នុងនោះប្រមាណសំរាមប្រមាណ២០ភាគរយ ជាសំណល់ប្លាស្ទិក។ យោងតាមការសិក្សានាពេលកន្លងទៅ គ្រាន់តែនៅរាជធានីភ្នំពេញ ថង់ប្លាស្ទិក ប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ក្នុងមួយថ្ងៃ៕