(រតនគិរី)៖ «កម្មវិធីអាហារូបករណ៍ Australia Awards»! សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងនៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក Michael Sadlon ប្រធានក្រុមកម្មវិធីអាហារូបករណ៍ Australia Awards។

សិក្ខាសាលាមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានាស្តីពីអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ព្រមទាំងបើកជំហរផ្តល់ឱកាសដល់មន្ត្រីរាជការ និសិ្សត បុគ្គលិកអង្គការ ដែលមានបំណងដាក់ពាក្យយកអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

ថ្លែងបើកសិក្ខាសាលានាឱកាសនេះលោក ញ៉ែម សំអឿន បានលើឡើងថា គោលនយោបាយរបស់រដ្ឋាភិបាលបានផ្ដល់អាទិភាព គឺការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើននូវសមត្ថភាពផ្ទាល់ខ្លួន របស់មន្ត្រីរាជការ និស្សិត និងបុគ្គលិកអង្គការ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកថា ហើយកាលពីឆ្នាំ២០២២ កម្មវិធី Australia Awards បានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន៤៥នាក់ ដល់កម្ពុជា ក្នុងនោះមាន២២នាក់ ជាបុរស និង២៣នាក់ជាស្ត្រី ហើយនិស្សិតមួយចំនួនធំបានបញ្ចប់ ការសិក្សានៅប្រទេសអូស្ត្រាលី និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកបានបន្តថា ឆ្នាំនេះតាមរយៈអាហារូបករណ៍ Australia Awards រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ប្រមាណ៤៥កន្លែង ដល់មន្ត្រីរាជការ បុគ្គលិកអង្គការ ឯកជន និងនិស្សិត ដើម្បីបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសអូស្ត្រាលី។ ដូច្នេះក្រោយពីសិក្ខាសាលាផ្សព្វផ្សាយនេះទៅ បេក្ខជនអាចជ្រើសរើសមុខជំនាញនានាដែលខ្លួនចង់ទៅសិក្សានៅប្រទេសអូស្ត្រាលី បេក្ខជនជាស្ត្រី បេក្ខជនមកពីបណ្តាខេត្ត និងបេក្ខជនមានពិការភាព ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការដាក់ពាក្យនេះ។

លោកអភិបាលខេត្ត បានចាត់ទុកសិក្ខាសាលាផ្សព្វផ្សាយនេះពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់បងប្អូនជា មន្ត្រីរាជការ និស្សិត ដែលមានបំណងអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំតាមរយៈអាហារូបករណ៍នេះ ហើយដល់ពេលបញ្ចប់ការ សិក្សាពីប្រទេសអូស្ត្រាលី គឺបាននាំយកនូវចំណេះដឹងថ្មីៗ និងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទសកម្ពុជា៕