(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្រោមការសម្របសម្រួលដោយ លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានដឹកនាំគណៈកម្មការចម្រុះ ចុះអនុវត្តន៍វិធានច្បាប់ រុះរើខ្ទមសាងសង់អនាធិបតេយ្យ ចំនួន៧៥ខ្ទម។ ការអនុវត្តវិធានការនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

លោក សុខ សុទ្ធី បានលើកឡើងថា ការចុះអនុវត្តវិធានការច្បាប់ របស់គណៈកម្មការចម្រុះខេត្ត ទៅលើជនខិលខូចដែលលួចកាប់ទន្រ្ទានដីព្រៃ និងសាសង់ខ្ទមទៅលើដីរដ្ឋដោយគ្មានការអនុញ្ញាតពីអាជ្ញាធរនោះ ដើម្បីរក្សាទុកដីស្ថិតនៅក្នុងភូមិសាស្រ្តនោះ ជាសម្បត្តិរដ្ឋវិញ ដូច្នេះអាជ្ញាធរត្រូវអនុវត្តន៍ច្បាប់ដើម្បីទប់ស្កាត់ មិនឲ្យកាប់ទន្រ្ទាន និងសង់ខ្ទមបន្តទៀត។

លោក សុខ សុទ្ធី បានបន្ថែមថា មុននឹងឈានដល់ការរុះរើខ្ទមទាំងអស់នេះ រដ្ឋបាលខេត្ត ស្រុកបានធ្វើការជូនដំណឹងពួកគាត់៦ទៅ៧ដងហើយ និងធ្វើការណែនាំអប់រំពួកគាត់រួចរាល់ហើយ ប៉ុន្តែពួកគាត់មិនព្រមស្តាប់អាជ្ញាធរទេ ទើបអាជ្ញាធរសុំគោលការណ៍ខេត្ត។

លោកបានបន្តថា ខ្ទមដែលអាជ្ញាធរចុះអនុវត្តន៍វិធានការច្បាប់ចុះរុះរើនេះ គាត់លួចសាងសង់នៅពេលយប់ ហើយមានការជឿទៅលើមេខ្យល់ ដែលជាប្រយោជន៍របស់ពួកគេ ហើយបើតាមការស្រាវជ្រាវស៊ើបសង្កេតរបស់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលលួចសាងសង់ខ្ទម និងការទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិនោះ គឺមិនមែនប្រជាពលរដ្ឋរស់ឃុំជ្រោយប្រស់ទេ គឺពួកគាត់មកពីតាមបណ្តាស្រុក ខេត្តផ្សេងៗនិងរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ក្រោយពីគណៈកម្មការចម្រុះចុះអនុវត្តន៍ច្បាប់រុះរើសម្រេចជាបានជាស្ថាបពរហើយ អាជ្ញាធរបានដាក់បញ្ជាដាច់ខាតមិនឲ្យមានបញ្ហានេះបន្តទៀត អាជ្ញាធរស្រុកត្រូវសាងសង់ប៉ុស្តិ៍ នៅតំបន់នោះ ហើយត្រូវដើរល្បាតក្នុង១ថ្ងៃ ចំនួន២ដង។

លោកអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឈប់លួចកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិរបស់ខ្លួន កុំជឿតាមការជនអគិត ដែលនាំមកទុក្ខទោសដល់ខ្លួន នៅពេលសមត្ថកិច្ចឃាត់ខ្លួនបាន៕