(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋាន នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ យឹម សារ៉ាន់ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមចោរកាច់ក និងលួចម៉ូតូយ៉ាងសកម្ម ចំនួន៤នាក់ ខណៈ៣នាក់ទៀត បានរត់គេចខ្លួនបាត់។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ថា ករណីទី១ ជនសង្ស័យកាច់កម៉ូតូ២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាព ស្រាប់តែត្រូវបានប្រជាពលរដ្ឋចាប់ម្នាក់ និងរត់រួចម្នាក់ ពេលចូលទៅកាច់កម៉ូតូជាក់ស្តែង ដល់ក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម។

ករណីទី២ ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ក្នុងនោះស្រីម្នាក់ បានចូលទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅពេលយប់ ក៏ត្រូវសមត្ថកិច្ចចាប់បាន៣នាក់ និងរត់រួច២នាក់។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា សម្រាប់ក្រុមចោរទាំងនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ក្រោយពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រហូតតាមបង្ក្រាបបានជាក់ស្តែង ហើយសម្រាប់ជនសង្ស័យដែលកំពុងរត់គេចខ្លួននោះ កម្លាំងរបស់លោក កំពុងតាមចាប់បន្តទៀត។

សម្រាប់ជនសង្ស័យទាំង៤នាក់នេះ កំពុងស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការបន្តទៀត៕