(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងជាពិសេសស្វែងយល់អំពីតម្រូវការរបស់កម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ។

នៅក្នុងជំនួបនេះ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកឯកអគ្គរដ្ឋទូត និងបានជម្រាបជូន អំពីការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តោតជាសំខាន់លើការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធជន, ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ព្រមទាំងការអភិវឌ្ឍនសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន និងការផ្តល់ឥណទាន។

នៅក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណ ចំពោះដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានជួយកម្ពុជា តាមសកម្មភាពអភិវឌ្ឍន៍ជាច្រើន រួមមានការសាងសង់ សាលារៀន និងវិស័យសង្គមកិច្ច និងអភិវឌ្ឍន៍ជនបទ។

លោកឯកអគ្គរដ្ឋទូតឆែក បានជម្រាបជូនបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីថា បេសកកម្មរបស់លោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកឯអគ្គរដ្ឋទូត បានស្នើសុំសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ វិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាការងារទាំងឡាយពាក់ព័ន្ធ និងវិស័យអភិវឌ្ឍន៍ជនបទ៕