(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ កំលាំងនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យ២នាក់ ដែលត្រូវជាប្ដីប្រពន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ស៊ើបសួរពាក់ពន្ធ័ករណីឃាតកម្ម (កាប់ជនរងគ្រោះដាច់ក្បាល)។

សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។ សមត្ថិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រច័ណ្ឌ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម ហើយបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនបាននៅថ្ងៃនេះ៕