(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានកោតសរសើរ និងលើកទឹកចិត្តដល់ស្រ្តីថា នៅសល់តែ៦ខែទៀត ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមកដល់ ដូច្នេះដើម្បីឈរឈ្មោះជាបេក្ខជនបាន ស្រ្តីខ្លួនឯងត្រូវតែយល់​ដឹងអំពីនីតិវិធីច្បាប់ និងកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីលើក​កម្ពស់​កិត្យានុភាពរបស់​ស្រ្តីកម្ពុជាទាំងអស់ ឱ្យមានភាពល្អប្រសើរ។

ក្នុងឱកាសបើក «វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» នាទីស្ដីការក្រសួងការងារ លោករដ្ឋមន្រ្តី បានឱ្យដឹងថា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈ​ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាលកម្ពុជា ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះរួមមាន ការកសាងសមត្ថភាពស្រ្តីដោយគ្មានការរើសអើង ធានានូវសិទ្ធិ​សេរីភាព ការទទួលបានការថែទាំសុខភាព ការបណ្ដុះបណ្ដាលមុខជំនាញ ទទួលបានភាពយុត្តិធម៌តាមផ្លូវច្បាប់ រួចផុតពីអំពើហិង្សាផ្សេងៗ ពិសេសទទួលបានសិទ្ធិស្មើនឹងបុសរ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច  ក៏ដូចជាវិស័យនយោបាយផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា «តាមរយៈកម្មវិធីជាតិនារីរតនៈ ស្រ្តីបានកែប្រែវឌ្ឍនភាពរបស់ខ្លួន បានបង្កើនសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយក្នុងនោះ យើងសង្កេតឃើញថា សមាជិករដ្ឋសភា​-ព្រឹទ្ធសភាជាស្រ្តី ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មានការកើនឡើងជាបន្តបន្ទាប់ លើសពីកូតាដែលបានកំណត់ទៅទៀត ហើយនៅ​អាណត្តិមុន ស្រ្តីដែលឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានការកើនឡើងគួឱ្យកត់សម្គាល់ផងដែរ រីឯនៅអាណត្តិនេះ នៅសល់តែ៦ខែទៀត ការបោះ​ឆ្នោតថ្នាក់មូល​ដ្ឋាន​នឹងមកដល់ ហើយស្រ្តីក៏បានធ្វើការបញ្ជាបការយល់ដឹង និងពង្រីកចំនួនដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានការកើនឡើងលើសឆ្នាំមុនដែរ តែទោះ​ជាយ៉ាង​នេះក្ដី ស្រ្តីខ្លួនឯងត្រូវតែយល់ដឹងពីនីតិវិធីច្បាប់ និងកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តការងារឱ្យបានច្បាស់លាស់ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ស្រ្តី និងសង្គម​ជាតិទាំងមូល ឱ្យមានភាពល្អប្រសើរបន្ថែម»

លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រ នៃក្រសួងកិច្ចការនារី ក៏បានលើកឡើងថា បើនិយាយពីរឿងយេនឌ័រ មិនមែនជាកិច្ចការរបស់ក្រសួង​កិច្ចការនារីតែមួយទេ តែជាកិច្ចការរួម ព្រោះនេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលបានចាត់តាំង និងជ្រើសរើស សមាជិកមន្រ្តីរាជការជាស្រ្តីជាច្រើនរូបផងដែរ ដូចមាននៅតាមថ្នាក់ក្រសួង និងថ្នាក់មូលដ្ឋាន ដែលស្រ្តីត្រូវបានជ្រើសរើសជាអភិបាលរងរាជធានី-ខេត្ត, ឃុំ-សង្កាត់ ហើយស្រ្តីក៏បាននិងកំពុងខិតខំបំពេញតួនាទីជាស្រ្តីខ្មែរ ជាបុគ្គលល្អ និងមានសមត្ថភាពក្នុងស្ថាប័នការងាររបស់ខ្លួន ផងដែរ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក អ៉ិត សំហេង ក៏បានបន្តថា «ក្នុងការចូលរួមអនុវត្ដអនុសាសន៍ ទាំង១១ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាគោលនយោបាយ​ផ្សេងៗ ពាក់ព័ន្ធនឹងសមភាពយេនឌ័រ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់ឱ្យមន្រ្តីក្រោមឱវាទ ចូលរួមអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតាម​រយៈ​វគ្គបណ្ដុះបណ្ដាលចំនួន៣ថ្ងៃនេះ ក៏ជាសារមួយបង្ហាញពីការចូលរួមអនុវត្តអនុសាសន៍ទាំង១១ចំណុចនោះផងដែរ»។  

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រនេះ ត្រូវបានធ្វើឡើងដោយក្រសួងការងារ សហការជាមួយក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួម ជិត១០០នាក់ និងប្រព្រឹត្ត​ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងគោលបំណងបញ្ជ្រៀបចំណេះដឹងអំពីយេនឌ័រ ដើម្បីជំរុញសកម្មភាពចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ស្រ្តី​ឱ្យកាន់តែល្អប្រសើរបន្ថែម៕