(ភ្នំពេញ)៖ វេលាម៉ោង ១៣៖២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង ១២៖២០ នាទី ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានក្នុងក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាព្រឹកថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម រួមជាមួយកូនប្រុស២នាក់របស់សម្តេចតេជោ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ព្រមទាំងប្រតិភូជាន់ខ្ពស់មួយចំនួនទៀត។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។

សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។

ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានចិន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាល ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ការស្វះស្វែងរកកិច្ចគាំទ្រលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងផ្លូវដែកផង គឺជារបៀបវារៈសំខាន់មួយនៅក្នុងដំណើរទស្សនកិច្ចនេះ។ ជាពិសេសដំណើរទស្សនកិច្ចចំខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងចិននោះ នឹងរួមចំណែកពូនជ្រុំឱ្យទំនាក់ទំនងដ៏យូរអង្វែងមួយនេះកាន់តែងរឹងមាំថែមទៀត។

យោងតាមការកត់ត្រារបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ប្រទេសចិន ចំនួន ១៤លើកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន ៦លើក និងទស្សនកិច្ចដើម្បីបំពេញការងារផ្សេងៗចំនួន៨លើក៕