(កណ្តាល)៖ ពលរដ្ឋទាំង៣១គ្រួសារដែលរងគ្រោះដោយសារស្រុតផ្ទះចូលព្រែក ក្នុងនោះធ្ងន់ធ្ងរចំនួន៩ផ្ទះ ស្ថិតនៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទទួលបានការយកចិត្តទុកដាក់ជួយសង្រ្គោះបឋម ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយចែកចាយ នារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ បានសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេស លោកក៏បាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺទីណាមានទុក្ខលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។

គួរជម្រាបថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលចែកជូនប្រជាពលរដទាំង ៣១ គ្រួសារ ដែលរស់នៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងនោះ ប្រជាពលរដ្ឋ ៩គ្រួសារ រងការខូចខាតធ្ងន់ធ្ងរ ទទួលបានថវិកា ចំនួន ៥០០,០០០រៀល ក្នុង១គ្រួសារ តង់ចំនួន ១ និងប្រជាពលរដ្ឋ ២២ គ្រួសារ រងការខូចខាតមធ្យម ទទួលបានថវិកាក្នុង១គ្រួសារ ចំនួន ៣០០,០០០រៀល ហើយក្រុមគ្រួសារនីមួយៗទទួលបាននូវសម្ភារ មានដូចជា អង្ករ ២៥គីឡូ, មី១កេស,ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ម៉ាស ១ដុំ ,អាវរងា ១ កញ្ចប់ និងសាប៊ូ ១ដុំ ផងដែរ៕