(ភ្នំពេញ)៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ៧០នាក់ ដឹកនាំដោយលោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សាស្វែងយល់ ពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

លោក ឡេង ប៉េងឡង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងទិដ្ឋភាពទូទៅ ព្រមទាំងបទបង្ហាញ ពីស្ថិតិស្ត្រីក្នុងវិស័យច្បាប់ ច្បាប់ទាក់ទងនឹងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងបានបង្ហាញពីកិច្ចការសភា ព្រមទាំងយន្តការមួយចំនួនទៀត នៅក្នុងការជំរុញសមភាពយេនឌ័រ។

លោក ឡេង ប៉េងឡង បានគូសបញ្ជាក់ថា រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ហើយអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានភារកិច្ចសំខាន់ក្នុងការផ្ដល់សេវា និងបច្ចេកទេសគ្រប់បែបយ៉ាងដល់ដំណើរការប្រចាំថ្ងៃ របស់រដ្ឋសភា ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកបានបន្តថា រដ្ឋសភាជាស្ថាប័នកំពូល តំណាងឲ្យលទ្ធិប្រជាធិបតេយ្យរបស់ជាតិ ដោយហេតុថារដ្ឋសភាកើតឡើងពីឆន្ទៈរបស់រាស្ដ្រ តាមរយៈការបោះឆ្នោត៥ឆ្នាំម្តង។ ជាមួយគ្នានេះ លោកបានធ្វើការបង្ហាញយ៉ាងលម្អិតពិស្តារ ទៅលើភារកិច្ចសំខាន់ៗទាំង៣របស់រដ្ឋសភា ដែលមានការងារនីតិកម្ម ការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។

លោកស្រី ម៉ែន នារីវុឌ្ឍី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលបានអនុញ្ញាតឲ្យសមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភាដោយផ្ទាល់ និងសូមថ្លែងអំណរគុណផងដែរចំពោះ លោក ឡេង ប៉េងឡុង ដែលបានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីការងារ របស់រដ្ឋសភាជូនដល់ប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានយល់ដឹង។

ជាមួយគ្នានោះ លោកស្រី ម៉ែន នារីវុឌ្ឍី បានសម្តែងក្តីរីករាយថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការទទួលបានចំណេះដឹងបន្ថែមទៀត អំពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា គឺជាការពង្រីកចំណេះដឹងបន្ថែមអំពីនីតិវិធីនិងដំណើរការងារនៃអង្គនីតិប្បញ្ញត្តិរបស់ជាតិ។ លើសពីនោះទៀត សមាជិកពុទ្ធិកសមាគមកម្ពុជរដ្ឋ ក៏បានទស្សនាកន្លែងសំខាន់មួយចំនួន នៅក្នុងវិមានរដ្ឋសភាផងដែរ។

សូមជម្រាបថា រដ្ឋសភាបានបើកទូលាយសម្រាប់ មហាជនទូទៅ មានដូចជា ព្រះសង្ឃ មន្រ្តីរាជការ សិស្ស និសិ្សត កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានចូលមក ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររបស់ស្ថាប័នជាតិមួយនេះ ជាហូរហែ៕