(ភ្នំពេញ)៖ នៅទីបំផុតផលិតកម្ម Rock បានសម្រេចចិត្ត បើកដំណើរការផលិត​បទ​​ចម្រៀងឡើងវិញ ក្រោមការប្រសិទ្ធិនាមថ្មី​ថា«Rock Music» ដោយផ្ដោតសំខាន់ តែទៅលើ​ការនិពន្ធ និងផលិតបទចម្រៀង​ «Original Song» មានគោលដៅវាយលុកទាំងទីផ្សារ​ក្នុងប្រទេស និងទីផ្សារអន្តរជាតិ។ ផលិតកម្ម Rock បានបើកសម្ពោធដំណើរ​ការជាផ្លូវការ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីផលិតបទ​ចម្រៀង Original Song របស់ខ្លួន ចេញលក់ឡើងវិញ ក្រោមវត្តមាន​តារាប្រុស-ស្រី​ក្នុងផលិតកម្ម, អ្នកនិពន្ធជាជនជាតិខ្មែរ និងបរទេស ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។ ​

លោក រ៉េនឌី ​ប្រធានទីផ្សាររបស់ផលិតកម្ម រ៉ក់ បានប្រាប់ឲ្យដឹងថា ​ដើម្បីអបអរការបើកសម្ពោធជាផ្លូវការ ​របស់ Rock Music គឺ​ផលិតកម្មបានត្រៀម ចេញបទចម្រៀង១បទ ​តម្រូវឲ្យតារាចម្រៀង ក្នុងផលិតកម្មទាំង១៤រូបច្រៀងរួមគ្នា ​ដែលមានដូចជា កម្ពុជា, អាហ្វ្រិក, កូរ៉េ និងអាមេរិកជាដើម ។ បទចម្រៀងដំបូង​ របស់ Rock Music គឺជាប្រភេទបទចម្រៀង​ Hip Hop ​តម្រូវទីផ្សារទាំងកម្ពុជា ក៏ដូចជាក្រៅប្រទេសផងដែរ ។

លោកបន្តថា បើទោះជាផលិតកម្ម Rock Music សហការជាមួយដៃគូបរទេស​ក៏ដោយ ប៉ុន្តែ Rock Music មិនភ្លេចក្នុងការតែងនិពន្ធ បទចម្រៀងបែបប្រពៃណីខ្មែរឡើយ ពោលគឺក្នុង ​បុណ្យចូលឆ្នាំ,​បុណ្យអ៊ុទូក,ឱកាសបុណ្យភ្ជុំបិណ្ឌ​ គឺផលិតកម្ម​ក៏មានរៀបចំបទចម្រៀង តម្រូវទៅតាមពេលវេលា ដើម្បីថែរក្សាចង្វាក់ប្រពៃណីខ្មែរ និងចូលរួមឲ្យបងប្អូនខ្មែរទាំងអស់ បានរាំលេង​កម្សាន្តផងដែរ។

ជំនួយការរបស់អ្នកឧកញ៉ា គិត ធៀង ដែលជាអគ្គនាយក លោក រ៉េនឌី បានបង្ហាញ​ពីគោលបំណងធំរបស់ Rock Music ថា ផលិតកម្មមួយនេះ ​គឺមានគោលបំណងនិង ប្រកាន់ជំហរផលិតបទចម្រៀង Original Song ហើយបទរបស់ Rock Music មិនមែនវាយឡុកតែទីផ្សារក្នុងប្រទេសទេ ​គឺយើងមានគម្រោងវាយលុក ទៅលើទីផ្សារបរទេស (អន្តរជាតិ) ក្នុងន័យដើម្បី​ធ្វើឲ្យ ​​ពិភពលោកស្គាល់​ពីស្នាដៃ​កូនខ្មែរ​ ដែលមានប្រពៃណីវប្បធម៌ដ៏រុងរឿង ជាយូរលង់ណាស់មកហើយ៕