(ភ្នំពេញ)៖ មន្ទីរពេទ្យពិនិត្យ​ និងព្យាបាលភ្នែករបស់ជប៉ុន (Japan Eye Hospital Cambodia) បានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា បានរយៈពេលពីរឆ្នាំហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ។ មន្ទីរពេទ្យពិនិត្យ និងព្យាបាលភ្នែករបស់ជប៉ុន បើទោះបី ចាប់ដំណើរការអាជីវកម្មចំពេលវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្តី តែមានដំណើរ ការល្អ និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ មន្ទីរពេទ្យជាអាជីវកម្មរបស់ជប៉ុនមួយនេះ បានប្រារព្ធពិធីអបអរសាទរខួបពីរឆ្នាំនៃដំណើរការរបស់ខ្លួន នៅអគារមន្ទីរពេទ្យស្ថិតនៅជាន់ទី៨ នៃអគារមន្ទីរពេទ្យសង់ត្រាល់ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនោះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា។

លោក Shinya Niioka ប្រធានមន្ទីរពេទ្យ បានថ្លែងនៅក្នុងឱកាសនោះថា លោកបានស្វែងរកការបើកមន្ទីរពេទ្យពិនិត្យ និងព្យាបាលភ្នែកនៅកម្ពុជាកាលពី៥ឆ្នាំមុន។ ដោយមានការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរពេទ្យរបស់លោក ក៏បានបើកដំណើរការជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០២១។

តែទោះជាយ៉ាងណាការបើកដំណើរការមន្ទីរពេទ្យចំពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យមន្ទីរពេទ្យជួបឧបសគ្គ និងការលំបាកជាច្រើន។ សូម្បីតែពិធីសម្ពោធដំណើរការមន្ទីរពេទ្យ ក៏មិនអាចធ្វើបាននោះដែរ។

«ការតាំងចិត្តរបស់យើងខ្ញុំក្នុងការផ្តល់សេវាកម្មឱ្យបានល្អ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាំងស្ទះ។ ពេលនោះ ខ្ញុំមានការខកចិត្តខ្លាំង ដោយសារអ្វីៗមិនអាចដំណើរការដូចការគ្រោងទុក»។ នេះជាការបញ្ជាក់របស់លោក Shinya Niioka។

ជារឿងដ៏ល្អមួយដែលប្រទេសកម្ពុជា បានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញវិធានការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានធ្វើឱ្យសកម្មភាពសង្គមត្រូវបានបើកទូលាយឡើងវិញ។ ក្នុងនោះដំណើរការរបស់មន្ទីរពេទ្យពិនិត្យ និងព្យាបាលភ្នែករបស់ជប៉ុន ក៏មានសកម្មភាពល្អប្រសើរផងដែរ។

លោក Shinya Niioka បានគូសបញ្ជាក់ថា ក្រោយពីស្ថានភាពជំងឺកូវីដ១៩ ស្ងប់ស្ងាត់ មន្ទីរពេទ្យរបស់លោក ក៏ត្រូវបានប្រជាពលរដ្ឋស្គាល់បន្តិចម្តងៗ។ ការស្ងប់ស្ងាត់នៃជំងឺកូវីដ១៩ ក៏បានធ្វើឱ្យមន្ទីរពេទ្យអាចផ្តល់សេវាកម្រិតស្តង់ ដារប្រទេសជប៉ុន ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះអ្នកស្វែងរកសេវានៅក្នុងមន្ទីរពេទ្យប្រមាណ ៧០ភាគរយ គឺជាប្រជាពលរដ្ឋខ្មែរ។

លោក ម៉ម ប៊ុនហេង បានចាត់ទុកវត្តមានមន្ទីរពេទ្យភ្នែករបស់ជប៉ុននៅកម្ពុជា ជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃគ្លីនិកភ្នែករបស់ជប៉ុន ដែលមិនបោះបង់ការខិតខំប្រឹងប្រែងនាពេលកន្លងមក ជាពិសេសពេលជួបវិបត្តិជំងឺកូវីដ១៩។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា បានមើលឃើញថា មន្ទីរពេទ្យភ្នែករបស់ជប៉ុននៅកម្ពុជា បាននិងកំពុងរួមចំណែកគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខភាពភ្នែកឱ្យត្រឹមត្រូវ និងប្រកបជីវភាពរស់នៅដោយសុខសុវត្ថិភាព តាមរយៈសកម្មភាពជាច្រើន ដូចជាការពិនិត្យភ្នែកនៅតាមកន្លែងផ្សេងៗ។

លោកឯកអគ្គរដ្ឋទូតរំពឹងថា មន្ទីរពេទ្យ Japan Eye Hospital និងហាងវែនតា Paris Miki នឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពប្រជាជន កម្ពុជានាពេល អនាគតផងដែរ។

ដោយទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ និងដើម្បីផ្តល់សេវាមួយឱ្យកាន់តែល្អប្រសើរនោះ ប្រធានមន្ទីរពេទ្យ Japan Eye Hospital បានឱ្យដឹងថា នៅខែមេសា ខាងមុខ លោកនឹងពង្រីកសាខាមន្ទីរពេទ្យ ព្រមទាំងហាងវែនតា Paris Miki ទៅកាន់ផ្សារទំនើបអ៉ីអន២។

សូមបញ្ជាក់ថា មន្ទីរពេទ្យ Japan Eye Hospital មានការព្យាបាលជំងឺភ្នែកទូទៅដូចជា ភ្នែកក្រហម, ពពែឆ្កែ, ក៏ដូចជាជំងឺភ្នែកកុមារ, ជំងឺភ្នែកឡើងបាយ, ជំងឺទឹកដក់។ ជាពិសេសមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសអាចផ្តល់ការពិនិត្យ និងព្យាបាលទៅលើជំងឺភ្នែកឡើងបាយបានយ៉ាងល្អផងដែរ។

មន្ទីរពេទ្យនេះមានសេវាផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជាមួយគ្រូពេទ្យមានឯកទេសច្បាស់លាស់ បូករួមជាមួយឧបករណ៍ និងបរិក្ខារពេទ្យទំនើបៗស្តង់ដាររបស់ប្រទេសជប៉ុន។

មន្ទីរពេទ្យមានទីតាំងស្ថិតនៅអគារលេខ ៨២អា, ជាន់ទី៨ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
Google Map: https://cutt.ly/ZxK4X2p

ប្រជាពលរដ្ឋដែលមានបំណងស្វែងរកសេវាពីមន្ទីរពេទ្យ ក៏ទាក់ទងសួរពត៌មានតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 087 465 283 / 096 842 2064៕