(ភ្នំពេញ)៖ តាមការស្រាវជ្រាវ ដែលផ្សាយដោយគេហទំព័រ World Population Review បង្ហាញថា កម្រិតវៃឆ្លាត (IQ) របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន និងលេខ១៥ សម្រាប់ឆ្នាំ២០២៣ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក។

តាមការស្រាវជ្រាវបង្ហាញថា កម្ពុជាមាន IQ ចំនួន៩៩.៧៥ ខណៈជប៉ុនមាន IQ ចំនួន ១០៦.៤៨ ដែលខ្ពស់ជាងគេបំផុត។ បើរាប់ប្រទេសនៅក្នុងតំបន់អាស៊ាន មានតែកម្ពុជា និងសិង្ហបូរីទេ ដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសដែលមាន IQ កម្រិតខ្ពស់ ហើយសិង្ហបូរី មាន IQ ចំនួន ១០៥.៨៩ និងជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថា តាមការសង្កេតរបស់លោក ជាពិសេសអ្នកដែលកើតចាប់ពីឆ្នាំ២០០០ សម្បូរអ្នកឆ្លាតវៃណាស់។ លោកពន្យល់ថា នេះក៏ព្រោះតែពួកគាត់មានរបបអាហារល្អ ឪពុកម្តាយថែរក្សាបានល្អ និងមានប្រព័ន្ធអប់រំល្អ។

អ្នជំនាញលើវិស័យអប់រំរូបនេះ ក៏មើលឃើញដែរថា មានចំណុចខ្លះកម្រិតវៃឆ្លាតរបស់កម្ពុជា ខ្ពស់ជាងចំណាត់ថ្នាក់លេខ១៥ ទៅទៀត ជាក់ស្តែងអ្នករៀននៅបរទេសជាច្រើន លេចធ្លោជាងសិស្សបរទេសនានា។ លោកយល់ថា ពាក់ព័ន្ធនឹងកម្រិតវៃឆ្លាត របស់កម្ពុជា ដែលជាប់លេខ១៥ លើពិភពលោក រួមចំណែកជួយឲ្យអន្តរជាតិស្គាល់កម្ពុជាទ្វេដង។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់យ៉ាងដូច្នេះ «ជាការពិត វាឆ្លុះបញ្ចាំងពីមុខមាត់របស់កម្ពុជាយើង គ្រាន់តែខ្ញុំបន្ថែមថា ខ្មែរយើងខ្លះមានភាពល្អប្រសើរជាងលេខ១៥ ទៅទៀត។ ខ្លះទៀត រៀននៅជប៉ុនពូកែជាងសិស្សជប៉ុនទៅទៀត។ ជាមធ្យមភាគ ចំណាត់ថ្នាក់នេះ វាលើកកម្ពស់មុខមាត់ជាតិសាសន៍របស់យើង»

លោកឧកញ៉ា បានបន្តថា «កុមារកម្ពុជារបស់យើង ខួរក្បាលល្អ ជាពិសេសវ័យជំនាន់ក្រោយនេះ ពេលដែលគាត់បានហូបចុក របបអាហាររបស់គាត់ល្អ និងគ្រប់គ្រាន់ ការចិញ្ចឹមបីបាច់បានល្អប្រសើរ ប្រព័ន្ធអប់រំនៅកម្ពុជាយើងឥឡូវវាកាន់តែប្រសើរឡើដែរ។ អញ្ចឹង មជ្ឈដ្ឋាននៃការលូតលាស់ផ្នែករាងកាយ ប្រាជ្ញាសា្មរតី វាប្រសើរច្រើនតាមហ្នឹង ច្រើនជាង បើធៀបនឹងទសវត្សរ៍ ៨០ និង ៩០ ជាពិសេស អ្នកកើតត្រឹមឆ្នាំ២០០០ ឡើងមកនេះ ខ្ញុំសង្កេតឃើញពួកគាត់ឆ្លាតៗពូកែមែន អញ្ចឹងខ្ញុំអាចនិយាយបានថា ទិន្នន័យនេះ វាឆ្លុះបញ្ចាំងប្រសើរហើយ ត្រឹមត្រូវពិតហើយ។ ជាពិសេស បើយើងសង្កេតឃើញ កុំថាត្រឹមលេខ១៥ បរិបទខ្លះ នៅក្នុងមជ្ឈដ្ឋានមួយចំនួន កូនខ្មែរយើងរៀននៅក្រៅប្រទេស ដូចជាអាមេរិកក្តី សាំងហ្គាពួរក្តី ជប៉ុនក្តី មានកូនខ្មែរមួយៗ លេចធ្លោមែនទែន»

លោកបានបន្ថែមថា កូនខ្មែរមិនចាញ់បរទេសទេ ប្រសិនបើគាត់មានរបបអាហារគ្រប់គ្រាន់ រៀនបានសាលាល្អ ហើយឪពុកម្តាយជួយជំរុញ។ ជាការពិត ពេលមានកូនខ្មែរលេចធ្លោអញ្ចឹង វាក៏ឆ្លុះបញ្ចាំងពីសក្តានុពលពីប្រទេសកម្ពុជាដែរ ដែលគេឃើញធនធានបញ្ញា ធនធានសេដ្ឋកិច្ច ឆ្អឹងខ្នងសេដ្ឋកិច្ច ពន្លកសេដ្ឋកិច្ច ឬជាទំពាំងស្នងឫស្សី ដ៏ប្រសើរមួយ។ លោកជឿជាក់ថា ការពិតទៅកុមារ និងយុវជននៃប្រទេសកម្ពុជារបស់យើង មានចំណុចជាច្រើនដែលល្អ ឲ្យតែមានបរិយាកាសត្រឹមត្រូវ គឺកម្រិតវៃឆ្លាតអត់ចាញ់បណ្តាប្រទេសដទៃទេ។

ឧកញ៉ា ប៉ិច​ បូឡែន បានថ្លែងទៀតថា ប្រព័ន្ធអប់រំដើរតួយ៉ាងសំខាន់ ហើយលោកកោតសរសើរ ដែលឥឡូវនេះរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ហើយដើរលើផ្លូវត្រូវ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា ជាតិសាសន៍នីមួយៗនៅលើសាកលលោកមានកម្រិត IQ ផ្សេងៗពីគ្នា។ ការធ្វើចំណាត់ថ្នាក់ IQ អាស្រ័យលើវិធីសាស្រ្តស្រាវជ្រាវនិងសូរចនាករកំណត់នៅក្នុងការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវនីមួយៗ ដែលមានគោលបំណងផ្សេងៗគ្នា។

លោកបន្តថា «ការអភិវឌ្ឍប្រទេសនីមួយៗត្រូវការធនធានមនុស្ស ដែលមានកម្រិត IQ គ្រប់ប្រភេទ ដើម្បីចូលរួមសាមគ្គីជាធ្លុងមួយសម្រេចចក្ខុវិស័យប្រទេស។ ក្រៅពីកម្រិត IQ ធនធានមនុស្សក៏គួរមានកម្រិត EQ (Emotional Intelligence), CQ (Cultural Intelligence) និង កម្រិតបញ្ញាផ្សេងៗ»

លោកបន្ថែមថា លទ្ធផលនៃកម្រិត IQ ខាងលើនេះជាលទ្ធផលស្រាវជ្រាវរបស់ក្រុមមួយ ដែលឆ្លុះបញ្ចាំងពីកម្រិត IQ របស់បណ្តាប្រទេសគោលដៅ។ កម្ពុជា គឺជាប្រទេសដែលមានធនធានមនុស្សគ្រប់ប្រភេទ និងគ្រប់កម្រិត IQ ប្រកបដោយកិច្ចខំប្រឹងប្រែង នៅក្នុងការចូលរួមឆ្លើយតបចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា។

បន្ថែមលើនេះ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានអបអរសាទរចំពោះដំណឹងនេះ ហើយអះអាងថា មានកត្តា ៣សំខាន់ៗ ដែលធ្វើឲ្យ IQ របស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ លើពិភពលោក៖

* ទី១៖ កត្តានៃការហូបចុក៖ អាហារូបត្ថម្ភសម្រាប់យុវជន សម្រាប់កុមារ មានគ្រប់គ្រង ធ្វើឲ្យខួរក្បាលក្មេងរបស់ខ្មែរ មានបញ្ញា និងមានពន្លឺ។ បើអាហារូបត្ថម្ភមិនគ្រប់គ្រាន់ មិនមានបញ្ញាទេ ដូចសម័យ ប៉ុល ពត អញ្ចឹង កាលណាហូបមិនគ្រប់គ្រាន់ ខ្វះវីតាមីន កម្រិតបញ្ញាក៏ខ្សោយតាមហ្នឹងដែរ។

* ទី២៖ កត្តានៃប្រព័ន្ធអប់រំ៖ កាលណាប្រព័ន្ធអប់រំល្អ មានគុណភាព ធ្វើឲ្យកុមារយើងអាចប្រជែងជាមួយនឹងបណ្តាប្រទេសដទៃទៀត នៅក្នុងតំបន់ និងពិភពលោក។ ឥឡូវនេះ ប្រព័ន្ធអប់រំខ្មែរយើង មានគុណភាព។ យើងឃើញថា យុវជនខ្មែរយើងទៅប្រកួតប្រជែង ប្រលងគណិតវិទ្យា ឬប្រលងវិញ្ញសារផ្សេងៗ យើងបានពានរង្វាន់ដែរ ហើយខ្លះបានលេខ១។

* ទី៣៖ កត្តានៃសន្តិភាព៖ កត្តាសន្តិភាព មានសារៈសំខាន់ជាងគេ។ បើស្រុកទេសយើងមានសន្តិភាព កូនខ្មែរយើងរៀនដោយមិនភិតភ័យ។ កាលណាមិនភិតភ័យ កូនខ្មែរយើងគិតតែពីរឿងរៀនសូត្រ។ សម័យនេះ អ្នករៀនមានអារម្មណ៍ ខុសពីសម័យមុនដែលរៀនក្រោមគ្រាប់ផ្លោង ហើយពេលខ្លះលូនចូលត្រង់សេ (កន្លែងលាក់ខ្លួន) ទៀតផង។ អសន្តិសុខ សូម្បីតែកើតឡើងពីកូវីដ១៩ ក៏ធ្វើឲ្យជិះឥទ្ធិពលអាក់ខាន​ដល់បញ្ញាដែរ តែទោះអាក់ខានយ៉ាងណាក៏មិនដល់ប្រទេសមានសង្គ្រាមដែរ។

ចំពោះចំណាត់ថ្នាក់នេះ ត្រូវបានអ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញវិស័យអប់រំមួយរូបទៀត សម្តែងមោទនភាពយ៉ាងខ្លាំង។ លោករំពឹងថា ខ្មែរយើងនឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះទៅទៀត នៅពេលខាងមុខ ព្រោះថាខ្មែរជាសែស្រឡាយ ដែលមានខួរក្បាតឆ្លាតតាំងពីដើមមកម្ល៉េះ។

ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់យ៉ាងដូច្នេះថា «(ខ្ញុំ) មានមោទនភាព ជាព័ត៌មានល្អ។ តាមពិតខ្មែរយើង ល្បីល្បាញយូរហើយ តាំងពីជំនាន់រាប់ឆ្នាំមុន តាំងពីពេលប្រទេសអឺរ៉ុបមិនទាន់មានទីក្រុង [...] ដោយសារយើងឆ្លងកាត់សង្គ្រាម យើងមានបញ្ហារ៉ាំរ៉ៃ ដូច្នេះជាទូទៅ គឺខ្មែរយើងឆ្លាត។ បច្ចុប្បន្ននេះ ខ្មែរយើងបើសិនជាបានទៅរស់នៅស្រុកក្រៅតាំងពីតូចៗ ពោរពេញដោយសុខសុវត្ថិភាព អត់មានបញ្ហាផ្លូវចិត្តទេ គឺអស្ចារ្យមែនទែន។ ឧទាហរណ៍ កូនខ្មែរដែលខ្ញុំស្គាល់មួយចំនួន ហើយក្មួយៗខ្ញុំ រស់នៅស្រុកគេនោះ រៀនសុទ្ធតែនៅក្នុងសាកលវិទ្យាល័យល្អៗ។ អញ្ចឹង ខ្ញុំជឿជាក់ណាស់ថា ខ្មែរយើងមិនអន់ [...] ខ្ញុំគិតថា ទសវត្សរ៍ក្រោយៗទៀត ខ្មែរយើងនឹងឡើងខ្ពស់ជាហ្នឹងទៀត នៅក្នុង Ranking (ចំណាត់ថ្នាក់)»

ថ្លែងដូចគ្នាដែរ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័ន្ធអប់រំ អេជី បានលើកឡើងថា ខ្មែរយើងមាន IQ ខ្ពស់ណាស់។ លោកបានរំលឹកថា នៅពាក់កណ្តាលទសវត្សរ៍ ៦០ មានអ្នកវិទ្យាសាស្ត្រខ្មែរ ដែលបានបញ្ចប់វិស្វករផ្នែកវិទ្យាសាស្ត្រអាតូមិក នៅប្រទេសបារាំង លោកមានចំណេះដឹងរហូតដល់ផលិតនុយក្លេអ៊ែរបាន ប៉ុន្តែដោយសារបញ្ហាសង្គ្រាមដ៏រ៉ាំរ៉ៃមក ធ្វើឲ្យយើងបាត់បង់។

កូនខ្មែរដែលអាចប្រើភាសាបរទេស ៣ភាសា បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយពីរឿង IQ របស់ប្រជាពលរដ្ឋខ្មែរ គឺខ្ពស់ណាស់។ ម៉េចបានខ្ញុំថាខ្ពស់? បើយើងនិយាយត្រលប់ទៅ ១០០០ឆ្នាំមុនវិញ ដូចតាយើងដែលមានសមត្ថភាព ដែលមានលទ្ធភាពកសាងមហាប្រាសាទរាប់ពាន់ លើទឹកដីនៃអាណាចក្រខ្មែរ គឺថា លោកមាន IQ ខ្ពស់មែនទែន។ បើសិនគ្មាន IQ តើគាត់អាចកសាងអាណាចក្រមួយ ដ៏មានវិសាលភាពនៅក្នុងអាស៉ីអាគ្នេយ៍ទាំងមូល ហើយអាចស្ថាបនាប្រព័ន្ធរដ្ឋបាលរបស់ជាតិ ជាពិសេសប្រាង្គប្រាសាទធំៗរាប់ពាន់ប្រាសាទ ហើយប្រព័ន្ធធារាសាស្ត្រ បម្រើឲ្យកសិកម្ម ប្រព័ន្ធសុខាភិបាល ជាពិសេស មានសាកលវិទ្យាល័យតាំងពីសម័យមហានគរ ដែលព្រះនាងឥន្ទ្រទេវី ជាសាកលវិទ្យាធិការ»

អ្នកជំនាញលើវិស័យអប់រំរូបនេះ បានថ្លែងទៀតថា បើពុំមានសង្គ្រាម និងចម្បាំងរាំងជល់រយៈកាលកន្លងមកទេ ម្ល៉េះសមកម្ពុជាឆ្ពោះទៅឆ្ងាយណាស់។ លោករំពឹងថា នៅពេលខាងមុខ កម្រិតវៃឆ្លាតរបស់កម្ពុជា អាចឈានដល់លេខ៥ លើពិភពលោក៕

ឧកញ៉ា ប៉ិច បូឡែន

លោក រស់ សុវាចា

អ្នកឧកញ៉ា គួច ម៉េងលី

លោក រ័ត្ន សណ្តាប់

ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង