(ភ្នំពេញ)៖ ក្រោយបើកដំណើរមន្ទីរពេទ្យចល័តតាមរថយន្ត ដោយរួមមានគ្រូពេទ្យជំនាញចុះជួយព្យាលប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា អស់រយៈពេលប្រមាណ ៧ខែកន្លងមកនេះ មានប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រប្រមាណជាង ៣០០០នាក់មកហើយបានទទួលការព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីពេទ្យព្រះយេស៊ូវ អាតូមី ដែលជាមន្ទីរពេទ្យដែលទទួល បានការឧបត្ថម្ភពីប្រទេសកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក បាក់ហាន់ ហ្គីល ស្ថាបនិកមន្ទីរពេទ្យព្រះយេស៊ូវ អាតូមី ( PMC ATOMY HOSPITAL)។

សូមបញ្ជាក់ដែរថា PMC ATOMY HOSPITAL ជាមន្ទីពេទ្យមួយដែលបានចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដោយគ្រោងពង្រីកឲ្យក្លាយទៅជាមន្ទីរពហុព្យាបាលដ៏ធំដោយពិនិត្យនិងព្យាបាលជូនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃដែលបានផ្តើមចេញពីសេចក្តីអាណិតស្រឡាញ់ ចំពោះកុមារ និងប្រជាពលរដ្ឋកម្ពុជាក្រីក្រ របស់សប្បុរសជនជនជាតិកូរ៉េមួយរូប តាមរយៈអង្គការ PMC ATOMY បានផ្ដើមគំនិតបង្កើតឲ្យមានការពិនិត្យនិងព្យាបាលបឋមតាមរថយន្តចល័តចំនួន២គ្រឿង ក្នុងបំណងជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្ដាររាជធានី\ខេត្ត។

លោក បាក់ហាន់ ហ្គីល បានឱ្យដឹងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការមន្ទីរពេទ្យព្រះយេស៊ូវ អាតូមី នៅក្នុងបរិវេណមន្ទីរពេទ្យសែនសុខ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះទៀតថា ក្រោយពីបានឃើញភាពលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ទើបលោកមានគំនិតបង្កើតមន្ទីរពេទ្យមួយដើម្បីជួយពួកគេ ហើយដូចការរំពឹងទុកលោកក៏បានបង្កើតពេទ្យចល័តមួយ តាមរថយន្តចំនួន២គ្រឿង កាលពីខែកក្កដា ឆ្នាំ២០២២ ដោយមានគ្រូពេទ្យជំនាញៗជាច្រើនរូបមកពីប្រទេសកូរ៉េ បានចូលរួមតាមរយៈអង្គការសាសនាមួយនេះ ដើម្បីជួយពិនិត្យព្យាបាលពលរដ្ឋក្រីក្រដោយឥតគិតប្រាក់ នៅតាមបណ្ដាខេត្តមួយចំនួន។

លោក បាក់ហាន់ ហ្គីល បានបន្ថែមទៀតថា រហូតមកដល់ថ្ងៃនេះគឺសម្រេចបង្កើតមន្ទីរពេទ្យនេះដែលមានទីតាំងច្បាស់លាស់ ក្នុងបរិវេណមន្ទីរពេទ្យសែនសុខ រាជធានីភ្នំពេញ ដើម្បីបន្តពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្រីក្រ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ និងជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកវិទ្យា និងសម្ភារៈ បរិក្ខារទំនើបៗពីប្រទេសកូរ៉េ។

ស្ថាបនិករូបនេះបានបន្តថា តាមរយៈមន្ទីរពេទ្យនៅទីនេះនឹងជួយពង្រីកវិសាលភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា ដែលមានជំងឺប្រចាំកាយ និងគ្មានលទ្ធភាពទទួលសេវាព្យាបាលពីមន្ទីរពេទ្យនានាដោយពួកគាត់នឹងមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ហើយក៏គ្រោងនឹងពង្រីកមន្ទីរពេទ្យនេះឲ្យក្លាយទៅជាមន្ទីរពហុព្យាបាលដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលផ្ដល់ឱកាសដល់និស្សិតដែលសិក្សាផ្នែកវិជ្ជសាស្ត្រ បានមកទទួលបទពិសោធន៍ដោយផ្ទាល់ពីគ្រូពេទ្យដែលមានជំនាញច្បាស់លាស់មកពីប្រទេសកូរ៉េ ហើយក៏មានគម្រោងបញ្ជូនគ្រូពេទ្យកម្ពុជា ទៅបន្តការសិក្សាបន្ថែមនៅប្រទេសកូរ៉េ ក៏ដូចការបញ្ជូនអ្នកជំងឺដែលចាំបាច់ទៅព្យាបាលនៅប្រទេសកូរ៉េផងដែរ។

លោក ស៊ីន ជុងស៊ីក ប្រធានគ្រប់គ្រងមន្ទីរពេទ្យ PMC Atomy បានឲ្យដឹងថា តាមរយៈសកម្មភាពមនុស្សធម៌ដែល មន្ទីរពេទ្យសាសនា មួយនេះផ្ដើមឡើង តទៅមុខទៀតនឹងពង្រីកសកម្មភាពការងារឲ្យកាន់តែសកម្មនៅតាមបណ្ដារាជធានីខេត្តក្នុងប្រទេសកម្ពុជា ហើយក៏មានគោលដៅរួមមួយទៀត ក្នុងការលើកកម្ពស់សមត្ថភាព និស្សិតផ្នែកវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យកម្ពុជាបន្ថែមទៀត ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕